(តាកែវ)៖ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តាមរយៈលោក ប៊ី ទិត ជាប្រធានឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ក្រុមយុវជនឃុំពន្លៃ បាននាំយកនូវសម្ភារៈមួយចំនួន ចែកជូនប្រជាពលរដ្ឋ ១,៥០៥ គ្រួសារ ដែលជាកំពុងអ្នករស់នៅក្នុងស្រុកកំណើតរបស់ខ្លួន ចូលរួមចំណែកជាមួយអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សម្ភារៈទាំងនោះ រួមមាន៖ ម៉ាស់ចំនួន ១៧៥០០ម៉ាស់ ស្មើនឹង ៧កេះធំ អាកុលចំនួន ៦០លីត្រ ស្មើនឹង ២កានធំ ដបទឹកអាកុលសម្រាប់បាញ់ចំនួន ៥០ដប និងថវិកាចំនួន ២០ម៉ឺនរៀល។
គួរបញ្ជាក់ថា នេះមិនមែនជាសកម្មភាពលើកទី១ របស់ក្រុមយុវជនឃុំពន្លៃនោះទេ គឺក្រុមយុវជននេះបាននាំគ្នាជួយអ្នកភូមិរបស់ខ្លួន តាំងពីចុងឆ្នាំ២០១៨ មកម្លេះ ដែលមានសមាជិកត្រឹមតែជាង ២០នាក់ ដែលបានកៀរគរថវិកាផ្ទាល់ខ្លួនជួយទិញអំពូលភ្លើង និងដងប្រមាណជិត ១០០អំពូល ដើម្បីដាក់បំភ្លឺផ្លូវពីដើមភូមិទៅដល់សាលារៀន និងវត្តនៅឯចុងភូមិ និងបានទិញថ្មគ្រោះ និងខ្សាច់ចាក់ធ្វើផ្លូវក្នុងភូមិ និងបានជួយឧបត្ថម្ភថវិកាមួយចំនួនជាបន្តបន្ទាប់ ដើម្បីកសាងសួនកម្សាន្តនៅក្នុងសាលារៀន ដើម្បីដាក់ជាសម្បត្តិសាធារណៈជូនកូនសិស្សលេងកម្សាន្ត ពិសេសបានជួយទិញកម្រងផ្កាកូរោនរំលែកទុក្ខ និងចូលរួមថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសពនៅក្នុងឃុំពន្លៃថែមទៀតផង។ល។
ក្រុមយុវជនឃុំពន្លៃនេះបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ មកម្លេះ ក្នុងគោលបំណងដើម្បីរឹតចំណងគ្នាកៀរគរប្រមូលមិត្តភក្តិ ដែលធ្លាប់រស់នៅក្នុងឃុំពន្លៃមកប្រមូលផ្តុំគ្នា ដើម្បីកៀរគរថវិកាជួយឃុំ ភូមិ និងស្រុកដែលជាកន្លែងកំណើតរបស់ខ្លួន និងកៀរគរស្វែងរកជំនួយ ដើម្បីធ្វើមនុស្សធម៌ជួយស្រុកកំណើតរបស់ខ្លួន៕