(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញប្រកាសផ្លូវការអំពីករណីជនជាតិខ្មែរចំនួន៣នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងនោះមានស្រ្តីអាយុ៧៩ ស្រ្តីជនជាតិខ្មែរអាយុ៥៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ ចំពោះការស្លាប់របស់អ្នកជំងឺទាំង៣នាក់ ដូចខាងក្រោម៖
១៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ៧៥ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ និងបានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦៖០៤នាទីជាមួយនឹងស្ថានភាព ក្អក ហត់ខ្លាំងៗ ដោយស្ថានភាពជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងវិធីសង្គ្រោះផ្សេងទៀត តាមលក្ខណៈបច្ចេកទេស នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី។
២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ មានអាសយដ្ឋាន រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១៖០០នាទី ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យព្យាបាលសង្គ្រោះបន្ទាន់ ដោយប្រើម៉ាស៊ីនជំនួយដង្ហើម និងយកសំណាកទៅវិភាគ ជាលទ្ធផលបង្ហាញថា ស្ត្រីខាងលើមានវិជ្ជមានកូវីដ-១៩។ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ តាមលក្ខណៈបច្ចេកទេស នៅតែមិនអាចជួយសង្គ្រោះបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០០៖៣០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរទាំងពីរនាក់ ខាងលើបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦៖៤០នាទីព្រឹក ជាមួយនឹងស្ថានភាព ស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ ដោយជាករណីសង្ស័យសព ត្រូវបានយកសំណាកធ្វើវិភាគជាលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរខាងលើបានស្លាប់ ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕