(ភ្នំពេញ)៖ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបុគ្គលិកក្នុងវិស័យឯកជន ចំណុះរដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងវិស័យឯកជន ចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំនួន៤៤អង្គភាព។
លោករដ្ឋមន្ត្រីបញ្ជាក់ថា អង្គភាពដែលទទួលបានការចាក់វ៉ាក់សាំងនេះរួមមាន ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ក្រុមហ៊ុនសេវាកម្មចរាចរផ្លូវអាកាសកម្ពុជា (CATS) ក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារផ្តល់សេវាកម្មអាកាសចរណ៍ផងដែរ សរុបប្រមាណ ២.៥០០នាក់ ដែលក្នុងនោះមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចាក់បានចំនួន៧៧៧នាក់ ស្មើនឹង៩៤% និងវិស័យឯកជនចាក់បានចំនួន ១.៦៧៧នាក់ ស្មើនឹង ១០០% តាមគោលការស្ម័គ្រចិត្ត។
ការចាក់វ៉ាក់សាំងនេះ បានចាប់ដំណើរការពីថ្ងៃទី០៦ ខែមសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១នេះ ហើយនឹងត្រៀមការចាក់វ៉ាក់សាំង ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបុគ្គលិកវិស័យឯកជន ចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះជាបន្តទៀត សម្រាប់អ្នកដែលមិនទាន់បានចាក់លើកទី២។
លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានបន្តទៀតថា សកម្មភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺពិតជាការគិតគូរយ៉ាងហ្មត់ចត់ អំពីសុខទុក្ខរបស់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចពាក្យមួយឃ្លាពោលថា៖ «ទីណាមានការលំបាក ឬមានទុក្ខ ទីនោះតែងមានក្រុមគ្រួសាររបស់សម្តេចតេជោជានិច្ច» និងមួយឃ្លាទៀត «សេចក្តីទុក្ខរបស់ប្រជាពលរដ្ឋ គឺជាក្តីទុក្ខរបស់ក្រុមគ្រួសារសម្តេចតេជោ»។
សូមជម្រាប់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយគោលការណ៍ស្ម័គ្រចិត្តដល់មន្ត្រីរាជការ និងបុគ្គលិកពាក់ព័ន្ធផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕