(សៀមរាប)៖ ភ្លាមៗបន្ទាប់ពីបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានបើកប្រតិបត្តិការរុករកអ្នកពាក់ព័ន្ធទាំងយប់ផងដែរ។ របាយការណ៍បឋមសមត្ថកិច្ច បានរកឃើញអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ទាំង៤នាក់នេះ ចំនួន ៣០នាក់។
ក្រោយរកឃើញកម្លាំងសមត្ថកិច្ច បានចាត់ចែង និងណែនាំឱ្យពួកគាត់ធ្វើចត្តាឡីស័ក និងអនុវត្តតាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាលផងដែរ។
រដ្ឋបាលខេត្តសៀមរាបន បានសម្តែងការកោតសរសើរចំពោះសមត្ថកិច្ចគ្រប់ ផ្នែកទាំងក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចចំពោះមុខ ដែលកំពុងតែមានការព្រួយបារម្ភនេះ។
រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ឬបានចេញចូលទៅកាន់ទីតាំងផ្សារខាងលើ ត្រូវចូលរួមអនុវត្តចត្តាឡីស័កដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
រដ្ឋបាលខេត្តសូមក្រើនរំលឹកដល់អ្នកព័ន្ធត្រូវបង្កើនស្មារតីខ្ពស់អនុវត្តតាមការណែនាំរបស់សមត្ថកិច្ចជាដាច់ខាត។ ចំពោះជនទាំងឡាយណា មិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន គឺអាចប្រឈមនឹងទទួលទណ្ឌកម្មការពិន័យអន្តរការណ៍ រហូតដល់ការផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត។
ជាមួយការរកឃើញអ្នកជំងឺកូវីដ១៩ ករណីថ្មីនេះ រដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបន្ថែមការបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ៕