(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់មណ្ឌលចត្ដាឡីស័កអគារខុនដូរអ័នជឺធ័រ (អគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូអាត្លង់ទិចទីក្រុងកំសាន្ត) ស្ថិតនៅផ្លូវ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងត្រូវអនុញ្ញាតឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រហូតមកដល់ថ្ងៃនេះទីតាំងចំនួន៧០កន្លែងហើយ ដែលត្រូវបើកដំណើរឡើងវិញ ក្រោយលែងមានការជាប់ពាក់ព័ន្ធជាមួយជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំថា «ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព»
លោកបានបញ្ជាក់ទៀតថា ក្នុងករណីបុគ្គលណាមិនអនុវត្តកាតព្វកិច្ចទាំងពីរខាងលើ សូមបងប្អូនធ្វើការរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីចាត់វិធានការផាកពិន័យដោយគ្មានការលើកលែងនោះឡើយ។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ ចូលរួម សហការអនុវត្តវិធានការសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានខ្ជាប់ខ្លួន និងត្រឹមត្រូវទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕