(ត្បូងឃ្មុំ)៖ ម្សិលមិញក្រោយ Fresh News ធ្វើការចេញផ្សាយនូវព័ត៌មាន ស្ដីពីមន្ត្រីមេព្រៃ មន្ត្រីអាវុធហត្ថ យោធាដឺបេ និងនគរបាលដែលប្រចាំការនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចាប់រថយន្តតួរីស២គ្រឿង កៀបយកលុយអស់៣០ម៉ឺនរៀល រួចមកហើយសូម្បីតែគ្នាមានលុយមិនគ្រប់ ក៏ពួកគេទារយកទូរស័ព្ទដៃ ទៅដាក់បញ្ចាំយកលុយឲ្យពួកគេទៀតនោះ ស្រាប់តែថ្ងៃនេះ មានមិត្តអ្នកអានផ្សេងទៀត បានទូរស័ព្ទមកសុំឲ្យជួយចុះផ្សាយ ពីរឿងមន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខលេខ៧០៣ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ជិតស្រុកមេមត់ ឃាត់រថយន្តដឹកគ្រឿងសង្ហារិម មានច្បាប់កៀបយកលុយ និងបញ្ចេញចរិតដូចមនុស្សមិនចេះច្បាប់ រកវាយធ្វើបាបទៅលើអ្នកបើកបរ ដែលគ្នាគ្រាន់តែជាប្រជាពលរដ្ឋមិនដឹងអីថែមទៀត។
មិត្តអ្នកអានរបស់ Fresh News ម្នាក់បានរៀបរាប់ថា កាលពីម៉ោងប្រមាណ ២-៣រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ បងប្អូនរបស់ខ្លួនបានបើករថយន្តឈ្នួលប្រភេទ ២៥កៅអី ដឹកទ្វារឈើប្រភេទសុក្រមជាង ១០ទ្វារ ពីខេត្តមណ្ឌលគិរី ដោយទ្វារឈើនេះមានច្បាប់ចេញពីសិប្បកម្មត្រឹមត្រូវ។ លុះបើកមកជិតដល់ទីរួមស្រុកមេមត់ ក៏មានមន្ត្រីមេព្រៃ និងមន្ត្រីអាវុធហត្ថស្នាក់ការ៧០៣ ដេញតាមឃាត់ត្រួតពិនិត្យ ហើយអ្នកបើកបរក៏ឈប់បង្ហាញច្បាប់ឲ្យទៅមន្ត្រីមេព្រៃមើល។
ក្រោយពីមើលឃើញមានច្បាប់ត្រឹមត្រូវ មន្ត្រីមេព្រៃក៏សុំលុយថ្លៃសាំង ហើយអនុញ្ញាតឲ្យទៅដោយមន្ត្រីមេព្រៃប្រាប់ថា ទ្វារគេមានច្បាប់ត្រឹមត្រូវទេ ហើយមេព្រៃក៏ចេញបាត់ទៅ ស្រាប់តែមន្ត្រីអាវុធហត្ថមិនព្រមឲ្យទៅហើយ ក៏ហៅមេរបស់គេឈ្មោះ វាសនា មកដល់ទៀត។
ពេលម្ចាស់រថយន្តសួរនាំ ពីមូលហេតុស្រាប់តែឈ្មោះ វាសនា ប្រើសំដីជេរដៀលរកវាយតប់ ដោយចាប់ដោះខោអាវ ឲ្យឈរនៅមុខរថយន្តរួចហើយ យកទូរស័ព្ទថតរូបទុកដោយថែមទាំងគម្រាមថា បទបញ្ជាមេឲ្យចាប់ទោះជាឈើអីក៏ដោយ។ ក្រោយមកបន្ទាប់ពីមានបងប្អូនទូរស័ព្ទ អន្តរាគមន៍ទើបឈ្មោះ វាសនា អនុញ្ញាតឲ្យទៅតែពេលរថយន្ត បើកចេញបានបន្តិចស្រាប់តែកូនចៅរបស់ឈ្មោះ វាសនា បើករថយន្តស៊ីរ៉ែនមកឃាត់ម្ដងទៀតរួចហើយ ទារលុយថ្លៃបាយទាល់ តែអ្នកបើកហុចលុយឲ្យអស់ ១០ម៉ឺនរៀល ទើបឲ្យបន្តដំណើរទៅមុខទៀត ដោយទារយកលេខទូរស័ព្ទ ហើយប្រាប់ថា ថ្ងៃក្រោយឲ្យឈប់ប្រាប់បង់លុយថ្លៃបាយឲ្យផង។
មិត្តអ្នកអានបានបន្តថា បើគ្រាន់សុំលុយថ្លៃបាយតិចតួច វាមិនអីនោះទេ តែសំខាន់ប្រើចរិត និងសំដីដូចជាមិនមែនមន្ត្រីសមត្ថកិច្ច ចេះច្បាប់មកលើប្រជាពលរដ្ឋ ដែលគ្មានកំហុសធ្វើមើលតែគ្នា ជាចោរប្លន់ជាជនល្មើស។
ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ អង្គភាព Fresh News មិនអាចធ្វើការទាក់ទង លោក វាសនា ប្រធានអាវុធហត្ថស្នាក់ការសន្តិសុខលេខ៧០៣ ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទាក់ទង៕