Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបន្ដយកទៅចែកជូនប្រជាពលរដ្ឋចំនួន៥៩៩គ្រួសារ ដែលរស់នៅតំបន់បិទខ្ទប់ ក្នុងខណ្ឌមានជ័យ

12-04-2021 21:22

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ជើញបន្ដចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន៥៩៩គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានចែកជូនប្រជាពលរដ្ឋក្នុងឱកាសនោះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូ, មី១កេស, ត្រីខ ២យួរ រួមទាំងថវិកា៣០០,០០០រៀល។

ក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានលើកឡើងថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។

ទន្ទឹមនឹងនេះ លោកក៏សូមឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ ហ៊ុន សែន នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ៕