(សៀមរាប)៖ នារសៀលថ្ងៃទី១២ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប បានចុះបិទផ្សារក្រោមជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាអាជីវករក្នុងផ្សារនេះ។ ក្រៅពីបង្ហាញក្ដីបារម្ភខ្លាំង អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានទទូចសុំឲ្យអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកធ្លាប់ចេញចូលផ្សារនេះ ត្រូវធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃក្នុងផ្ទះជាចាំបាច់ បើទោះបីខ្លួនឯងមិនមានអាការៈសង្ស័យអ្វីក៏ដោយ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអំឡុងចុះត្រួតពិនិត្យស្ថានភាពផ្សារ ក្រោយពេលប្រកាសបិទ លោក នាក់ ណេរ៉ុន លើកឡើងយ៉ាងដូច្នេះថា «សូមប្រជាជនកុំគិតថា ម្នាក់នៅផ្សារក្រោមមានវិជ្ជមានកូវីដ គាត់គ្រាន់តែមកផ្សារក្រោមអត់អីទេ សុខភាពនៅល្អ កុំគិតអ៊ីចឹង សុំឲ្យនៅផ្ទះ១៤ថ្ងៃ ហើយកុំនាំឲ្យមានបញ្ហាទៅដល់បងប្អូនសាច់ញាតិ មិត្តភក្ដិ ដែលបន្តពីយើងទៅទៀត»។
តាមការរៀបរាប់ពីអភិបាលរងខេត្ត បុរសដែលរកឃើញថ្មីនេះ គឺត្រូវបានក្រុមគ្រូពេទ្យតេស្ដឃើញជំងឺកូវីដ១៩ នៅថ្ងៃទី១៤ នៃថ្ងៃដែលគាត់បានធ្វើចត្ដាឡីស័ក ក្រោយពាក់ព័ន្ធនឹងបុរសអ្នករត់តាក់ស៊ីដែលរកឃើញកន្លងមក។
ជុំវិញករណីនេះ អាជ្ញាធរខេត្តសម្រេចបិទផ្សារជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ និងអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ទោះមិនមានការប្រែប្រួលសុខភាព ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។
គិតត្រឹមថ្ងៃនេះ ខេត្តសៀមរាបមានអ្នកកើតជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍សរុប ១៣នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយម្នាក់៕