(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមអបអរសាទរ និងជូននូវពរជ័យជូនសាសនិកខ្មែរឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលនឹងចូលបួសខែរ៉ាម៉ាឌន នៅកម្ពុជានៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
តាមរយៈសារបង្ហោះលើហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមជាមួយប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានសូមការយោគយល់អធ្យាស្រ័យពីសាសនិកខ្មែរឥស្លាម ដែលមិនអាចចូលរួម និងរៀបចំកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ និងលេីកទី៨ឆ្នាំ ព្រោះតែបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សាសនិកឥស្លាម បង្កើនការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ។ ត្រូវរួមគ្នាការពារជាប់ជានិច្ច ជាពិសេសនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដែលចំនួនឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជាលំដាប់ និង មានករណីស្លាប់បាត់បង់ជីវិតផងដែរ។
សម្តេចតេជោ ក៏បានអំពាវនាវដល់សាសនិកខ្មែរ-ឥស្លាម អនុវត្តតាមវិធានការ «៣ការពារ និង ៣កុំ» ជាប្រចាំ និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
សម្តេចតេជោ ហ៊ុន សែន បានបួងសួងសុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខ ស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចម្រើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ និងសុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិសាងឡើងកុំបីអាក់ខានឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែអញ្ជើញចូលរួមពិធីបួសខែរ៉ាម៉ាឌនជាមួយបងប្អូនខ្មែរ-ឥស្លាម។ ប៉ុន្តែឆ្នាំ២០២០ និង២០២១នេះ ត្រូវបានអាកខានព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩៕