(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ០៦គ្រួសារ ស្មើនឹង៣១នាក់ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ។
សកម្មភាពនេះរួមដំណើរដោយលោក កេង ថា នាយករងរដ្ឋបាលខណ្ឌ ជាតំណាងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់លោកចៅសង្កាត់ព្រៃស និងសហការី។
សូមជម្រាបថា ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើការនៅរោងចក្រ ឌីន ហាន។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកស្រី គឹម ញឹប ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ។
អំណោយឧបត្ថម្ភពលរដ្ឋរួមមាន អង្ករចំនួន២០ការ៉ុង មីចំនួន១២កេស ទឹកសុទ្ធចំនួន១៥កេស ទឹកត្រី ទឹកស៉ីអ៉ីវ១០យួរ និង ត្រីខចំនួន ១៥យួរ៕