(បាត់ដំបង)៖ មន្រ្តីការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលមានដាក់តាំងលក់នៅតាមផ្ទះមុនចូលឆ្នាំខ្មែរ ជពិសេសតាមឱសថស្ថានរងនានា ជាក់ស្តែងបានរកឃើញអាល់កុលក្លែងក្លាយ ដែលមានសារធាតុ (មេតាណុល) មានចំនួន ៨៤៦លីត្រ ដែលបានដាក់តាំងលក់នៅ ឱសថស្ថានទិព្វ១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
លោក ហាក់ សុខរិន ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបង បានឱ្យដឹងថា បានចុះត្រួតពិនិត្យ និងធ្វើតេស្តអាល់កុល ដែលបានដាក់លក់នៅតាមឱសថស្ថានរងនានាចំនួន ០៥ទីតាំង នៅក្រុងបាត់ដំបងរួមមានទី១៖ ឱសថស្ថានសង់ត្រាល់, ទី២៖ ឱសថស្ថានមហាទេព, ទី៣៖ ឱសថស្ថានទិព្វ១, ទី៤៖ ឱសថស្ថានសង្កែ និងទី៥៖ ឱសថស្ថានឌីយ៉ាម៉ង់។
ជាលទ្ធផល បានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ (មេតាណុល) នៅឱសថស្ថានទិព្វ១ ដែលមានអាស័យដ្ឋានភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងចំនួន ២៧កាន ស្មើនឹង៨១០លីត្រ និង៧២ដប ស្មើនឹង ៣៦លីត្រ សរុបចំនួន ៨៤៦លីត្រ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ដោយយសាតែបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរីករាដាលជាបន្តបន្ទាប់លើពិភពលោកក៏ដូចជាប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបាត់ដំបង ដែលមានការប្រុងប្រយ័ត្នខ្ពស់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងនោះ នៅទីកន្លែងមួយចំនួនឆ្លៀតឱកាសបន្លំផលិតផលក្លែងក្លាយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីសុខភាពប្រជាពលរដ្ឋឡើយ។
ប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករលក់ដូរផលិតផលក្លែងក្លាយឈប់បន្តទៀត ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងអាល់កុលនោះបានសម្លាប់មេរោគពិតប្រាកដនោះទេ ដែលជាមូលហេតុធ្វើមានឆ្លងរោគដោយមិនដឹងខ្លួនចំពោះអ្នកប្រើប្រាស់ផងដែរ។ ចំណែកវត្ថតាង ដែលបានដកហូតមន្រ្តីជំនាញយករក្សាទុក ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕