(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ មានវ៉ាក់សាំងស៉ីណូវ៉ាក់ និងស៉ីណូហ្វាមរបស់សាធារណរដ្ឋប្រជាមានិតចិន បានប្រមាណជិត២ម៉ឺននាក់ហើយ នៅក្នុងខេត្តកំពង់ឆ្នាំង រាប់ចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបន្តថា ដំណើរការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង មាន៤ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌, និងស្រុកប្រតិបត្តិកំពង់ឆ្នាំង ដោយប្រភេទវ៉ាក់សាំងស៉ីណូហ្វាមចាក់បានទាំងជំហានទី១ និងជំហានទី២ ចំពោះមនុស្សចាប់ពីអាយុ១៨ឆ្នាំដល់ មក៥៩ឆ្នាំ បានចំនួន៥០៣៣នាក់ ក្នុងនោះមានអ្នកបានចុះឈ្មោះ ចំនួន៥៣៦៨នាក់ និងអ្នកមិនអាចចាក់ បានចំនួន៣៣៥នាក់។ ចំណែកវ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ ដែលអាចចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ មានអ្នកចុះឈ្មោះចាក់ ចំនួន១៣៣២៨ នាក់ អ្នកចាក់បានចំនួន១២៩៣១នាក់ និងអ្នកមិនអាចចាក់បានចំនួន៣៩៥នាក់។
វ៉ាក់សាំងទាំង២ ប្រភេទរបស់សាធារណរដ្ឋប្រជាមានិតចិននេះ ត្រូវបានចាក់ជូនដល់បងប្អូនកម្លាំងនគរបាល កងរាជអាវុហត្ថ យោធា មន្ត្រីពន្ធនាគារ មន្ត្រីសុខាភិបាល និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងអ្នកងាយប្រឈម នៅក្នុងខេត្តកំពង់ឆ្នាំង។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ អ្នកដែលមិនអាចចាក់បាននោះបណ្តាលមកពីមានជំងឺហឺត, អ្នកធ្លាប់មានប្រតិកម្មវ៉ាក់សាំង, អ្នកអាឡែកហ្ស៉ី, អ្នកមានផ្ទៃពោះ និងអ្នកត្រៀមមានកូន, អ្នកកើតជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ព្រមទាំងអ្នកកំពុងប្រើប្រាស់ថ្នាំរ៉ាំរ៉ៃ។
លោកបានបន្ថែមថា រហូតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំងមិនមានករណីវិជ្ជមានកូវីដ-១៩កើនឡើងនោះទេ គឺមាន២ករណីដែលបានកើតឡើងនៅដើមខែមេសា ហើយកំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ករណីទី១ ជាបុរស រស់នៅខេត្តកែប បានមកលេងកន្លែងចិញ្ចឹមត្រីជាមួយសង្សារដែលមានវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែមី នាកន្លងទៅ និងទើបរកឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី០៤ ខែមេសា។ ចំណែកករណីទី២ ជាបុរស អាយុ៣៦ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ធ្វើការនៅរាជធានីភ្នំពេញ និងបានវិលមកស្រុកកំណើតនៅថ្ងៃទី២៨ ខែមីនា ហើយបានរកឃើញវិជ្ជមានកូវីដ១៩ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។
ករណីវិជ្ជមានកូវីដ១៩ប្រភេទថ្មីទាំង២នាក់នោះ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគម២០កុម្ភៈទាំងអស់។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសវិជ្ជមានទាំង២នាក់ខាងលើ ត្រូវបានយកសំណាកធ្វើតេស្ត និងដាក់ធ្វើចត្តាឡីស័ក។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ១,០១៨,៦០៥នាក់ ខណៈជនស្ថិតលើលេខរៀងទី ១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ ហើយមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំងគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅលើបណ្តាញ Twitter ក៏បានថ្លែងសារអបអរសាទរចំពោះកម្ពុជា ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជនបានជាង ១លាននាក់។ លោកស្រីចាត់ទុកថា នេះជាការជោគជ័យមួយដ៏ធំធេងបំផុត ព្រោះក្នុងពេលខ្លីតែកម្ពុជាធ្វើបានយ៉ាងឆាប់រហ័ស៕