(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិការណ៍កូវីដ១៩ មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងជំទាវ លីហៀក រតនា បានបន្ដប្រកាសអំពាវនាវផ្ដល់អំណោយជាថវិកា តាមរយៈ «កម្មវិធីមនុស្សធម៌ online» ជូនជនពិការកំបុតដៃទាំងពីរ ដែលមានជីវភាពក្រខ្សត់។
លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះថា «ខ្ញុំនៅតែបន្ដចែកអំណោយជាថវិកា ជូនប្រជាពលរដ្ឋយើង ជាជនពិការកំបុតដៃទាំងពីរ ដែលមានជីវភាពក្រខ្សត់លំបាក ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ»។
លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងបញ្ជាក់ថា «ការចែកអំណោយជាថវិកានេះ តាមរយៈ «កម្មវិធីមនុស្សធម៌ online» ដើម្បីស្របក្នុងបរិបទកូវីដ១៩ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួន នូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ៣ការពារ បីកុំ និងមិនចល័តពីតំបន់មួយទៅតំបន់មួយទៀត មិនចាំបាច់នៅផ្ទះ។ ដូច្នេះខ្ញុំ នឹងផ្ដល់ថវិកាជូនពិការដៃទាំងពីរតាមរយៈ ផ្ទេរប្រាក់តាមប្រព័ន្ធនានា ដោយក្នុងមួយម្នាក់ទទួលបានថវិកា ១០០ដុល្លារអាមេរិក»។
តាមការបញ្ជាក់របស់ឧកញ៉ាបណ្ឌិត ជា រតនា បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមក មូលនិធិរបស់លោកឧញ៉ាបណ្ឌិត ក៏បានផ្ញើថវិកា ជូនជនពិការកំបុតដៃទាំងពីរបានមួយចំនួនផងដែរ។ «ដូចនេះ សូមប្រកាសអំពាវនាវបន្ថែមទៀត ដល់ពលរដ្ឋយើងដែលក្រខ្សត់ ជាជនពិការកំបុតដៃទាំងពីរ អាចធ្វើការទំនាក់ទំនង តាមប្រព័ន្ធផ្សព្វផ្សាយនានា ឬតាមប្រព័ន្ធទូរស័ព្ទ៖ ០៩៥ ៩៥៩៦៩៧ ដែលបានផ្ដល់ជូននេះ»។
គួររម្លឹកថា មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងជំទាវ លីហៀក រតនា បានខិតខំកៀរគរថវិកា និងសម្ភារបំពាក់ដៃជូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ពីសប្បុរសជនជាតិ និងអន្ដរជាតិ ដើម្បីជួយសម្រាលនូវការលំបាកដល់ពួកគាត់។ កន្លងមកនេះ មូលនិធិដ៏សប្បុរសមួយនេះ បានផ្ដល់ថវិកាជាច្រើនលើកច្រើនសារ ក្នុងមួយឆ្នាំៗដើម្បីផ្ដល់ដើមទុនដល់ជនពិការកំបុតដៃទាំងពីរ បង្កើតមុខរបរចិញ្ចឹមជីវិតទៅថ្ងៃអនាគត និងផ្ដល់ថវិកា ដើម្បីបន្ដការសិក្សាជាដើមផងដែរ។
ក្នុងឱកាសនេះ មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងជំទាវ លីហៀក រតនា ក៏សូមថ្លែងអំណរគុណយ៉ាងអនេក ដល់សប្បុរសជន ដែលបានចូលរួមថវិកា ជួយដល់ជនពិការកំបុតដៃទាំងពីរ រួមមាន៖
១៖ លោកឧកញ៉ា ទុយ គី ឧបត្ថម្ភថវិកា ២,៥០០ដុល្លារ
២៖ លោកជំទាវ ហួត ជូ ឧបត្ថម្ភថវិកា ២,០០០ដុល្លារ
៣៖ លោកជំទាវ ប៊ុន ណារី ឧបត្ថម្ភថវិកា ២,០០០ដុល្លារ
៤៖ លោកជំទាវ ថុង ប៊ុនធី ឧបត្ថម្ភថវិកា ២,១០០ដុល្លារ
៥៖ លោកជំទាវ លឹម ម៉ារីណា ឧបត្ថម្ភថវិកា ១,០០០ដុល្លារ
៦៖ លោកឧកញ៉ា សៀក ហេង ឧបត្ថម្ភថវិកា ១,០០០ដុល្លារ
៧៖ លោកជំទាវ ជា ដានី ឧបត្ថម្ភថវិកា ១,០០០ដុល្លារ
៨៖ លោកជំទាវ បាន សុខសាន្ត ឧបត្ថម្ភថវិកា ៥០០ដុល្លារ
៩៖ លោកជំទាវ ជា សោភ័ណ្ឌ ឧបត្ថម្ភថវិកា ៥,០០ដុល្លារ៕