(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មានផ្លូវការ Fresh News នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញទាំងអស់នៅក្នុងរាជធានីភ្នំពេញ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលកម្ពុជាកំពុងផ្ទុះជំងឺកូវីដ១៩ ហើយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ (LockDown)។
លោក ឃួង ស្រេង បានលើកឡើងថា គ្រាដែលកម្ពុជា ពិសេសរាជធានីភ្នំពេញ បាននិងកំពុងតែផ្ទុះជំងឺកូវីដ១៩ រីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយប្រជាពលរដ្ឋបានរងនូវផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច ដូច្នេះប្រសិនបើអាជីវករមួយចំនួន ឆ្លៀតឱកាសឡើងថ្លៃទំនិញទៀតនោះ គឺកាន់តែធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងថែមទៀត។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញ ពិសេសអាជីវករលក់គ្រឿងឧបភោគ បរិភោគ សូមមេត្ដាកុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលយើងកំពុងតែជួបនូវការលំបាកប្រឈមជាមួយជំងឺកូវីដ១៩ ដូចពេលបច្ចុប្បន្ន។ យើងដឹងហើយថា ដំណាក់កាលនេះប្រជាពលរដ្ឋជាច្រើនបានរងនូវការប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច ដូច្នេះបើបងប្អូនអាជីវករឆ្លៀតឱកាសឡើងថ្លៃទំនិញទៀតនោះ គឺកាន់តែធ្វើឲ្យប្រជាពលរដ្ឋយើងជួបការលំបាកថែមទៀត, សូមមេត្តាយោគយល់លើបញ្ហា»។
ដោយសារតែរាជធានីភ្នំពេញ បានផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច LockDown តំបន់មួយចំនួន និងបិទផ្សារជាច្រើនផ្សេងទៀតជាបណ្ដោះអាសន្នផងដែរ ដោយសារតែមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩៕