(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេចបិទផ្សារចាស់ទាំងស្រុងជាបណ្ដោះអាសន្ន ចាប់ពីម៉ោងនេះតទៅ ក្រោយរកឃើញអាជីវករ និងអ្នកចូលផ្សារកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ក្រោយរកឃើញអាជីវករលក់ដូរ និងអ្នកចូលផ្សារកើតជំងឺកូវីដ១៩នោះ នៅពេលនេះអាជ្ញាធរសម្រេចបិទផ្សារចាស់ទាំងស្រុងចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី»។
គួរជម្រាបថា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទៅផ្សារចាស់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា សូមតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានរោគសញ្ញាសង្ស័យសូមទៅពិនិត្យសំណាក និងដាក់ខ្លួននៅដាច់ដោយឡែក។
តាមរយៈ Facebook អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា អាជីវករលក់បន្លែ និងលក់ចាប់ហួយ បានកើតជំងឺកូវីដ១៩។ ក្នុងនោះក៏មានអ្នកកើតជំងឺកូវីដ១៩ ធ្លាប់ទៅបានកន្លែងប្ដូរចិញ្ចៀនផងដែរ៕