(តាកែវ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះទៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ដោយមានការអមដំណើរលោក ឧត្តមសេនីយ៍ត្រី ជាស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៦៦ អនក្រ.បក ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ទាំងអស់ ដើម្បីចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ សំដៅការពារដល់សុខមាលភាពមន្រ្តីនគរបាល និងក្រុមគ្រួសារ។
លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ និងលោកអធិការ ត្រូវតែរៀបចំឧបករណ៍វាស់ស្ទង់កំដៅ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃនិងសាប៊ូ ឬអាល់កុល មុនចូលធ្វើការ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បាននាំយកថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៤០០០០០០រៀល ជូនដល់វរសេនាតូចលេខ៦០៣ និងថវិការបស់លោក ចំនួន២៧០០០០០រៀល ជូនដល់ប៉ុស្តិ៍ការពារព្រំដែន១០ប៉ុស្តិ៍ ប៉ុស្តិ៍ទ្វេភាគីកំពង់ក្រសាំង ប៉ុស្តិ៍តំបន់បាក់ដៃ សរុបចំនួន១២ប៉ុស្តិ៍ ក្នុងមួយប៉ុស្តិ៍២០០០០០រៀល និងវរការពារព្រំដែនគោកលេខ៦០៣ចំនួន៣០០០០០រៀល អង្ករចំនួន២៨បាវ មីជាតិចំនួន១៤០កេស ទឹកត្រី១៤យួរ ទឹកស៊ីអ៉ីវចំនួន១៤យួរ ម៉ាស់ចំនួន៧០ប្រអប់ស្មើ ៣៥០០ម៉ាស់ ទឹកអាល់កុលចំនួន៣កាដុងស្មើ៩០លីត្រផងដែរ៕