(ព្រះវិហារ)៖ ម្ចាស់អាហារដ្ឋានយីហោ «ផ្កាយពេជ្រ» មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ងជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ចុះឃាត់ខ្លួនទាំងយប់ ដោយយោងតាមពាក្សបណ្តឹងរបស់នារីរងគ្រោះដែលជាបុគ្គលិករបស់ខ្លួន។
លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះថា៖ «ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោកបានដឹកនាំកម្លាំងកងរាជអាវុធខេត្ត ចុះធ្វើការឃាត់ខ្លួនម្ចាស់ហាងខាងលើ និងរំដោះនារីរងគ្រោះដែលជាបុគ្គលិកបានចំនួន ១៤នាក់»។
លោក វុធ សាវី បានបញ្ជាក់ថា មុននឹងឈានដល់ការឃាត់ខ្លួនម្ចាស់អាហារដ្ឋាន «ផ្កាយពេជ្រ» នេះ គឺដោយសារនារីរងគ្រោះដែលបម្រើការនៅក្នុងហាងបានដាក់ពាកយសបណ្តឹងម្ចាស់ហាងខាងលើនេះ ពីបទគម្រាមកំហែងមិនឱ្យពួកនាងៗ ឈប់សម្រាកពីការងារ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយអជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបានណែនាំឱ្យអាកសកម្មភាព ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ-១៩ក៏ដោយ។
លោកព្រះរាជអាជ្ញារង បានបន្ថែមថា ដោយសារចង់ដឹងពីភាពពិតប្រាកដនៃបណ្តឹងរបស់នារីៗ ជាអ្នកបម្រើនៅហាងខាងលើ តើពិតប្រាកដ ឬយ៉ាងណានោះ រូបលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឆ្មក់ទៅពិនិត្យជាក់ស្តែង ឃើញថាម្ចាស់ហាងខាងលើ បានបើកដំណើរការដូចបណ្តឹងរបស់នារីជាអ្នកបម្រើពិតប្រាកដមែន នឹងបានឃាត់ខ្លួនជាក់ស្តែងម្ចាស់ហាង និងមនុស្សដែលពាក់ព័ន្ធសរុបជាង ២០នាក់ទៀត បញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងយប់។
លោក វុធ សាវី បានគូសបញ្ជាក់ថា ពេញមួយថ្ងៃទី១១ ខែមសា ឆ្នាំ២០២១ម្សិលមិញ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាប៣ករណីមាន៖ទី១៖ បង្រ្កាបល្បែងសុីសងខុសច្បាប់ នៅកណ្តាលក្រុងព្រះវិហារ, ទី២៖ បង្រ្កាបទីតាំងកត់កន្ទុយលេខដុះស្លែនៅមុខវត្តប្រយុទ្ធ និងទី៣៖ បង្រ្កាបករណីគំរាមកំហែងឱ្យបំពេញកាតព្វកិច្ចនៅស្រុកគូលែន៕