(ពោធិ៍សាត់)៖ លោកវរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ត្រូវបានអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សម្រេចតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ។

ពិធីប្រកាសនេះនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយបានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា យោងប្រកាសលេខ ៩៥ត.ត ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក ពុទ្ធ លី អត្តលេខ០១២៩៤៧ មេបញ្ជាការរង ជាមេបញ្ជាការបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕