(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចមានសេចក្តីរីករាយ និងត្រូវបានលើកទឹកចិត្ត ដោយទទួលបានការគាំទ្រពី អង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កន្លងមក។ នេះបើតាមលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹង លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសារលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីរីករាយ និងត្រូវបានលើកទឹកចិត្ត ដោយបានទទួលសារលិខិតរបស់ លោកវេជ្ជបណ្ឌិត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលបានលើកឡើងពីការប្តេជ្ញាចិត្តជាថ្មីរបស់អង្គការសុខភាពពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩»។
សម្តេចបានបន្តថា៖ «ខណៈពេលដែលប្រទេសកម្ពុជា បានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងឆ្នាំនេះ យើងខ្ញុំមិនមានភ័ព្វសំណាងណាស់នោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឱ្យចំនួន នៃការបាត់បង់អាយុជីវិតមនុស្សមានការកើនឡើង»។
សម្តេចបានបញ្ជាក់បន្ថែមថា នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរនៃសុខភាពសាធារណៈ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តជ្រើសយកការសម្រេចចិត្តដ៏លំបាកក្នុងការបិទតំបន់ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀតដើម្បីទប់ស្កាត់ការ រីករាលដាលនៃការផ្ទុះជំងឺនេះ។ វិធានការអស់ទាំងនេះមានភាពចាំបាច់ ក្នុងការធានាសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញនៃជីវិតរស់នៅឱ្យបានឆាប់។ កម្ពុជាគឺជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ហើយយើងខ្ញុំសូមកោតសរសើរចំពោះតួនាទីឈានមុខរបស់ អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាសកលនាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏មានតម្លៃ ដែលផ្តល់ដោយ WHO ក្នុងអំឡុងពេលនៃវិបត្តិដ៏លំបាកនេះ។
សូមបញ្ជាក់ថា នាយកអង្គការសុខភាពពិភពលោក ( WHO) ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានផ្ញើលិខិតមួយ ដោយសម្តែងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន លើកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កន្លងមក។ លោកបានសម្តែងនូវការសោកស្តាយ និងរំលែកការលំបាកជាមួយកម្ពុជា ដែលកំពុងរាតត្បាតដោយជំងឺកូវីដ១៩។ លោក Takeshi Kasai ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់លោកក្នុងការឈរជាមួយកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ៕
ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹង នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី៖