(ស្វាយរៀង)៖ ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ពុំទាន់មានការថមថយនៅឡើយទេ ដោយមានអ្នកឆ្លងកើនជាបន្តបន្ទាប់ធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភ ដោយនៅក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មានអ្នកឆ្លងកូវីដ-១៩ នៅខេត្តស្វាយរៀង ចំនួន ២០០នាក់ ក្នុងនោះអ្នកជាសះស្បើយ ៥១នាក់ អាជ្ញាធរខេត្ត អំពាវនាវអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក និងឱ្យក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តដើម្បីតាមដានសុខភាព។
បើតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះថា «រហូតមកដល់ថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ កើនដល់២០០នាក់ហើយ ក្នុងនោះស្រី៧៧នាក់។ ចំណែកអ្នកជាសះស្បើយ ៥១នាក់ ស្រី២៨នាក់ និងមានអ្នកស្លាប់ម្នាក់ហើយ ចំពោះទីតាំងមុខរបររកសុី និងលំនៅដ្ឋានដែលប៉ះពាល់មានចំនួន ៣៨ទីតាំង ហើយអ្វីដែលជាពិសេសនោះ គឺការបិទខ្ទប់ការចេញចូលកាស៊ីណូ នៅក្រុងបាវិតរហូតដល់ថ្ងៃទី១៨ ខែមេសា និងអនុវត្តន៍វិធានសុខាភិបាលរហូតដល់ថ្ងៃ១៨ ខែមេសា ព្រោះនៅក្នុងកាសុីណូ វាមានហានិភ័យងាយងាយឆ្លងជំងឺ ដូច្នេះ ត្រូវតែបិទខ្ទប់ការចេញចូលកាស៊ីណូ ដើម្បីប្រមូលអ្នកដែលពាក់ព័ន្ធធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ»។
សូមបញ្ជាក់ថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ និងវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង ផងដែរ។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅខេត្តស្វាយរៀង មានការយល់ដឹងច្រើនអំពីវិធានការការពារសុខាភិបាលដោយនៅទីតាំងកន្លែងមួយចំនួនដូចជានៅទីប្រជុំជនតាមផ្សារ សង្កេតឃើញមានប្រជាពលរដ្ឋពាក់ម៉ាស បាញ់អាកុល និងមានការការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនផងដែរ ហើយអាជ្ញាធរបានចាក់មេក្រូផ្សព្វផ្សាយអំពីវិធានការការពារសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀងដល់ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិស្រុក ក្រុងនានា នៅក្នុងខេត្តស្វាយរៀង ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺ កូវីដ១៩ នៅក្នុងសហគមន៍ផងដែរ៕