(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រេចលើកលែងការបង់ការប្រាក់ចំនួន២ខែ សម្រាប់អតិថិជនឆ្លងកូវីដ១៩ និងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ សម្រាប់អ្នកជាប់ធ្វើចត្តាឡីស័ក រួមទាំងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម)។
យោងតាមសេចក្ដីថ្លែងការណ៍ របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបញ្ជាក់ថា «តបទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន សមាគមទាំងពីរសូមទទួលយក និងអនុវត្តតាមដោយធ្វើបច្ចុប្បន្នភាព កែសម្រួលបន្ថែមគោលការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ ដោយបានលើកលែងការបង់ការប្រាក់រយៈពេល២ខែ ហើយសម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ»។
ដោយឡែកក្នុងករណីចាំបាច់នានា ដែលជាតម្រូវការរបស់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
សមាគមសូមបញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះ អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
សមាគមទាំងពីរ សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រ ដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕