(បន្ទាយមានជ័យ)៖ សប្បុរសជនមកពីស្ថាប័នរដ្ឋ និងឯកជនជាច្រើនរូបនៅក្នុងខេត្តបន្ទាយមានជ័យ បានរួមគ្នាធ្វើសកម្មភាពសប្បុរសធម៌ នាំយកស្បៀងអាហារជាគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
សប្បុរសជនដែលរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា, លោក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ស្រេងសុផល, លោក លន់ វាសនា, លោក សាន វិជ្ជាសារ៉ាវុធ, លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលខេត្តបន្ទាយមានជ័យ
លោក លី វណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ, លោក សុិន សុខមាន, លោក ថា លីន, លោក ភិន ភាព និងភរិយា, លោក សី ស៊ីឡៃ និងសហការី, លោក សាយ សឿន និងភរិយា, លោក គឹម វិវឌ្ឍន៍, លោក លន់ គឹមឡេង និងភរិយា, លោក ប៊ុត សង់ទ្រី, លោក សាន វិជ្ជា សារ៉ាវុធ, លោក សង បេងហឿន និងភរិយា, លោក លីម យ៉ុងគី និងភរិយា, លោក អ៊ូលីវិន និងភរិយា, លោក ប៊ូ ចាន់មុន្នី, លោក ភួ តិចហាក់, លោក អេង សុផារិទ្ធ, លោក ម៉ាប់៤៥, លោក ហ៊ុល សេងហាប់, លោក ជាសុខ ទីតា, លោក ហួរ, លោកស្រៀង និងសប្បុរសជនជាច្រើនរូបផ្សេងទៀត។
អំណោយដែលយកផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥១ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ រួមមាន ម៉ាស់ អាល់កុល មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត។ ពិធីប្រគល់អំណោយ ត្រូវបានធ្វើឡើងនៅទីបញ្ជាការមុខ នៃកងកម្លាំងអន្តរាគមន៍ជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១។
កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងនៅព្រំដែននេះ មិនត្រឹមតែធ្វើសកម្មភាពការពារបូរណភាពទឹកដី និងសន្តិសុខ សណ្តាប់ធ្នាប់ផ្សេងៗនោះទេ តែក៏កំពុងបំពេញបេសកកម្មប្រតិបត្តិការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ក្រុមសប្បុរសជនបានលើកឡើងថា ការរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នាពេលនេះ ដើម្បីជួយដោះស្រាយការលំបាករបស់កងកម្លាំងក្នុងកំលុងនៃវិបត្តិជំងឺកូវីដ១៩ និងមួយវិញទៀតជាការលើកទឹកចិត្ត និងអរគុណកងកម្លាំង ដែលលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ បន្ថែមពីលើសកម្មភាពមនុស្សនេះ ក៏បង្ហាញឱ្យឃើញពីការរួបរួមកម្លាំងជួយគ្នារវាងកម្លាំងជួរមុខ និងជួរក្រោយ ដើម្បីជម្នះការលំបាកទាំងឡាយនៅក្នុងសង្គម។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា អំណោយដែលទទួលបាន គឺបានចែកជូនទៅតាមបណ្តាលគោលដៅឈរជើងនៅជួរមុខភ្លាមៗ។ ក្នុងនាមលោកមេបញ្ជាការ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន សូមថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សប្បុរសជន ទាំងអស់ក្នុងស្មារតីរួមគ្នា សមរភូមិក្រោយ គាំទ្រសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
គួរកត់សម្គាល់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា ទឹកបរិសុទ្ធ អាល់កុល ម៉ាស់ ជែល និងសម្ភារមួយចំនួន ត្រូវបានប្រគល់ជូនជាបន្តបន្ទាប់ពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន អាជីវករ ប្រជាពលរដ្ឋ ដោយសេចក្តីរីករាយសាទរ ចំពោះកងកម្លាំងចម្រុះជួរមុខ ដែលបានខិតខំល្បាតទប់ស្កាត់ទាំងយប់ទាំងថ្ងៃ អស់ពីកម្លាំងកាយចិត្តនៅតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបុព្វហេតុជាតិនិងប្រជាជន៕