(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ចំណែកលោកបណ្ឌិត ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ តាមពេលវេលាសមស្របផងដែរ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។
ក្នុងឱកាសជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោកបណ្ឌិត ផនខាំ វីផាវ៉ាន់, សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងការជឿជាក់ថា ផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។
នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឱ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។
ថ្នាក់ដឹកនាំទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា»។
ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយម៉ាសចំនួន២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។
នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចសហការរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។
ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្រ្តីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ឱ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ៕