(ពោធិ៍សាត់)៖ ជនទី១ នៅខេត្តពោធិ៍សាត់ ត្រូវទទួលរងការផាកពិន័យ ១លានរៀល ដោយសារល្មើសវិធានការសុខាភិបាល គឺបានរត់គេចពីការធ្វើចត្តាឡីស័ក។
បុគ្គលរូបនេះ បានធ្វើខុសល្មើសនឹងអនុក្រឹត្យលេខ៣៧ ស្តីពី «វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះធ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលរាជរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត លេខាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានដឹកនាំកិច្ចប្រជុំសម្រេចអនុវត្តច្បាប់ពាក់ព័ន្ធអន្តរកាលនៃជំងឺកូវីដ១៩។
ក្នុងនោះលោក មួង សុភាន់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ ជាលើកទី៣ បានចូលខ្លួនមកទទួលការផាកពិន័យចំពោះមុខច្បាប់ ១លានរៀល តាមកំហុសដែលលោកបានប្រព្រឹត្តិ។
សូមជម្រាបថា មាត្រា២២ ក្នុងអនុក្រឹត្យ៣៧ បានចែងថា ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១,០០០,០០០រៀល ទៅ ៥,០០០,០០០រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក តែមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
ដោយឡែកអំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលបានបណ្ដាលឱ្យមានការចម្លងជំងឺកូវដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសតាមកថាខណ្ឌទី២ នៃមាត្រា៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា៧ នៃច្បាប់នេះ បានចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅដល់ ១០លានរៀល។
ក្នុងមាត្រា២២ នៃអនុក្រឹត្យដដែលនេះ ក៏បានចែងដែរថា ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥០០,០០០ រៀល ទៅ ២,០០០,០០០រៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដែលមិនអនុវត្តនូវកាតព្វកិច្ចដូចមានចែងក្នុងចំណុចទី១ និងទី២ នៃមាត្រា១៣ នៃអនុក្រឹត្យនេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍ខាងលើនេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ក រួចផុតពីកាតព្វកិច្ច ក្នុងការធ្វើចត្តាឡីស័កឡើយ។
សូមរំលឹកថា លោក មួន សុភាន់ គឺជាបុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយជននេះមិនបានសហការជាមួយសមត្ថកិច្ច រហូតជេរប្រមាថសមត្ថកិច្ចទៀតផង។
លោក មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន២យប់ និង៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់អង្គរមាស ចំនួន២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៉ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះ និងចូលផឹកស៉ីនៅសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត៕