(ភ្នំពេញ)៖ មេក្លោងជួញដូរគ្រឿងញៀន ជាស្នងការរងនគរបាលខេត្តកំពត និងបក្ខពួកចំនួន២នាក់ទៀត ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន» និងបទ «សម្អាតប្រាក់» ហើយបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការតាមនីតិវិធី។
នេះបើតាមការឲ្យដឹងពីលោក គុជ គឹមឡុង អ្នកនាំពាក្យ នៃតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
លោក គុជ គឹមឡុង បានបញ្ជាក់ថា សំណុំរឿងនេះ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង ក្រោយពីបញ្ចប់ការសួរនាំនោះ បានសម្រេចចោទប្រកាន់ជនទាំង៣នាក់នេះ ពីបទ «រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន» និងបទ «សម្អាតប្រាក់» តាមមាត្រា ៤០ និងមាត្រា៧២ ច្បាប់ស្តីពីការត្រូតពិនិត្យគ្រឿងញៀន ហើយបានបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីបន្ដនីតិវិធី។
គួរជម្រាបថា កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។
របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ៖
*ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ
*ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ
*ទី៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម៕