(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់២៧៧នាក់ថែមទៀត ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង២៧៧នាក់ គឺសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២០៤នាក់, ខេត្តតាកែវ ១នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ៣នាក់, ខេត្តកណ្តាល ២៣នាក់ និងខេត្តស្វាយរៀង ៤៣នាក់។
សម្រាប់អ្នកជាសះស្បើយទាំង៦០នាក់វិញ ក្នុងនោះមានម្នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង៥៩នាក់ទៀត ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤៥១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៩៨២នាក់, អ្នកជាសះស្បើយចំនួន ២២១២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២២៦៨នាក់, អ្នកស្លាប់ចំនួន ៣០នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕