(ភ្នំពេញ)៖ ថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៥លានរៀល បានប្រគល់ដល់ដៃអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ដែលស្ថិតនៅលេខរៀងទី ១លានរួចហើយ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។
ថវិកាជារង្វាន់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ដល់ដៃអ្នកមានសំណាងខាងលើ តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានប្រកាសថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី ១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
អ្នកមានសំណាងរូបនេះ មានមុខរបរ ជាលក់ដូរតាមហាង បានទៅចាក់វ៉ាក់សាំងនៅសាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ។ គត់មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស២)។
សូមជម្រាបថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕