(ភ្នំពេញ)៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសានេះ បានថ្លែងសារអបអរសាទរចំពោះកម្ពុជាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជនបាន ១លាននាក់។
តាមរយៈ Twitter, លោកស្រី Li Ailan បានបញ្ជាក់យ៉ាងដូច្នេះថា៖ «Congratulations to #Cambodia for achieving such great milestone in #COVID19 vaccines rollout! As of 11 April 2021, Cambodia got 1 million people vaccinated! Very pleased to note that health care workers and old groups are among those who received #COVID19 vaccines.»។
ខ្លឹមសារនេះមានអត្ថន័យជាខេមរភាសាថា «សូមអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យដ៏អស្ចារ្យនៅក្នុងការចាក់វ៉ាក់សាំងកូវីដ១៩។ គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រជាជនកម្ពុជាបានទទួលការចាក់វ៉ាក់សាំងចំនួន ១ លាននាក់។ ជាក្តីរីករាយ និងសូមកត់សម្គាល់ថា បុគ្គលិកថែទាំសុខភាព និងក្រុមមនុស្សចាស់ ស្ថិតក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំងកូវីដ១៩»។
គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ១,០១៨,៦០៥នាក់ ខណៈជនស្ថិតលើលេខរៀងទី ១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ ហើយមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំងគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ។
ក្នុងរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគឺបញ្ជាក់ថា៖
* ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៧៧៩,៨២៦នាក់។
* ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៣៨,៧៧៩នាក់
* សរុបចំនួន៖ ១,០១៨,៦០៥នាក់ (គិតត្រឹមថ្ងៃអាទិត្យនេះ)៕