(កុងហ្គោ)៖ មានមនុស្សជាង ៥៥០,០០០នាក់ បានទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់វាយប្រហារ ចាប់តាំងពីខែតុលា ឆ្នាំមុន នៅក្នុងសាធារណរដ្ឋកុងហ្គោ នេះបើតាមការបញ្ជាក់ពីការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់កិច្ចការមនុស្សធម៌ (OCHA) និងចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦។
ប្រភពខាងលើបន្តថា យ៉ាងហោចណាស់ខេត្តចំនួន០៧ នៃខេត្តទាំង២៦ របស់សាធារណរដ្ឋកុងហ្គោ បានទទួលរងផលប៉ះពាល់ ហើយខេត្ត Tshopo គឺជាខេត្តដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ជាមួយនឹងមនុស្សជិត ៤០០,០០០នាក់ បានធ្វើការផ្លាស់ទីលំនៅ។ «កាលពីចុងសប្តាហ៍មុន ខេត្ត Tanganyika ព្យុះភ្លៀងបានបង្កឲ្យមានការបាក់ស្រុតដី ហើយបានបំផ្លេចបំផ្លាញផ្លូវ, សកម្មភាពមនុស្សធម៌ត្រូវបានផ្អាក ស្របពេលដែលមនុស្សជាង ៦៤០,០០០នាក់ កំពុងត្រូវការជំនួយ» នេះបើតាមអ្នកនាំពាក្យ OCHA បានឲ្យដឹង។ ប្រភពខាងលើបានបញ្ជាក់ដែរថា ទឹកជំនន់បានបំផ្លេចបំផ្លាញផ្ទះជិត ៦៥,០០០ខ្នង និងដំណាំកសិកម្ម ប្រមាណ៥,០០០ហិកតាផងដែរ៕