(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់មណ្ឌលចត្ដាឡីស័កកាស៉ីណូ និងអគារខុនដូរ សរុប៣ទីតាំង ក្រោយមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

ទីតាំង៣កន្លែងដែលត្រូវបញ្ចប់ជាមណ្ឌលចត្តាឡីស័កនេះរួមមាន៖

*ទី១៖ អគារខុនដូរស្វីត (CVIK) សាខាទី២ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី២៖ កាស៉ីណូ ហួយហ័រ (HUI HUA Casino) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១២៨ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ
*ទី៣៖ អគារស្នាក់នៅរបស់បុគ្គលិកកាស៉ីណូ ហួយហ័រ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងត្រូវអនុញ្ញាតឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕