(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបនារសៀលថ្ងៃទី១១ ខែមេសានេះ បានសម្រេចឲ្យបើកការចេញចូលឡើងវិញនូវ ផ្ទះ និងអាជីវកម្ម ១៥ទីតាំង ក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ក្រោយជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។
ក្នុងលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ទីតាំងទាំងនោះគឺជាប់ពាក់ព័ន្ធនឹងលោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តឈ្នួល ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ និងមានការឆ្លងបន្តទៅអ្នកពាក់ព័ន្ធចំនួន៤នាក់នាពេលកន្លងមក។ រដ្ឋបាលខេត្ត បានស្វែងរកអ្នកពាក់ព័ន្ធ និងបិទទីតាំងអាជីវកម្ម ផ្សារគោកធ្លក និងផ្ទះសរុបចំនួន២១ទីតាំង។
ជុំវិញករណីនេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រុមការងារជំនាញ ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងចំនួន១៥ទីតាំង ក្នុងចំណោម២១ទីតាំង ក្នុងនោះស្រុកប្រាសាទបាគងមាន៣ផ្ទះ និងក្រុងសៀមរាបមាន១២ទីតាំង ដែលមាន៨ផ្ទះ និងអាជីវកម្មដ្ឋាន៤ទីតាំង រួមមាន ផ្ទះសំណាក់វិមានស្ពាននាគ ហាងលក់គោដុត ហាងកាហ្វេលឹង្គ១០០០ និងផ្សារគោកធ្លក។
យ៉ាងណាក្ដី រដ្ឋបាលខេត្តបញ្ជាក់ថា ផ្ទះចំនួន៦ ត្រូវបន្តបិទឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះ និងដាក់ឲ្យស្ថិតក្នុងការត្រួតពិនិត្យរបស់កងកម្លាំង រួមមាន ទី១ យានដ្ឋាន ឡាយ ជឺវេង ទី២ផ្ទះ លោក សាន ប៉ោលាង ទី៣ផ្ទះ លោក ខេង សុវណ្ណភក្តី ទី៤ផ្ទះ លោក វិន ឡន ទី៥ផ្ទះ លោក ញ៉ន ភាព និងទី៦ ផ្ទះ លោក វ៉ាត យ៉េត រហូតដល់មានការជូនដំណឹងនាពេលបន្ទាប់។
បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕