(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនដល់អតីតយុទ្ធជនកម្ពុជា បានប្រមាណ ៣៥,២៤១នាក់ហើយ គិតត្រឹមថ្ងៃទី១១ ខែមេសា បន្ទាប់ពីបានបើកយុទ្ធនាការនៅថ្ងៃទី០៨ ខែមេសា។

ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារអតីតយុទ្ធជននេះ បានធ្វើដំណើរចុះជាប់ជាប្រចាំពីខេត្តមួយ ទៅខេត្តមួយ ដើម្បីពិនិត្យ និងពន្លឿនការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា។ នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យការងារចាក់នៅក្នុងខេត្តព្រៃវែង និងខេត្តត្បូង ខណៈថ្ងៃ៣ថ្ងៃកន្លងទៅ លោកបានចុះទៅបាត់ដំបង បៃលិន ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ឆ្នាំងផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ Fresh News ថា ដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយល្អប្រសើរ ហើយថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំសមាគមនីមួយៗ បានប្រឹងប្រែងសម្របសម្រួលដល់ដំណើរការចាក់នេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវទៅតាមវិធានសុខាភិបាល។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមកម្ពុជា ក៏បានពិនិត្យឃើញដែរថា អតីតយុទ្ធជនសុទ្ធតែបានយល់ពីគុណតម្លៃរបស់វ៉ាក់សាំងសម្រាប់សុខភាព និងអាយុជីវិតរបស់ពួកគេ ហើយបានស្ទុះស្ទាទៅចាក់វ៉ាក់សាំងផងដែរ។

បើទោះបីជាយ៉ាងណា ដោយសារតែអតីតយុទ្ធជនដែលភាគច្រើនសុទ្ធតែជាមានពិការភាពនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើឱ្យអាជ្ញាធរជួយគិតគូរសម្របសម្រួល និងរៀបចំដឹកជញ្ជូនអតីតយុទ្ធជន និងគ្រួសារ ឱ្យមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងបានលឿន ដើម្បីបានកងការពារសុខភាពរបស់ពួកគាត់ពីជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ដល់ការរស់នៅរបស់អតីតយុទ្ធជន។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពឱ្យអតីតយុទ្ធជន និងគ្រួសារជិត ៨ម៉ឺននាក់បានទទួលវ៉ាក់សាំង។

ការគិតគូរ និងយកចិត្តទុកដាក់ទម្លាក់វ៉ាក់សាំងជូនអតីតយុទ្ធជនពីសំណាក់សម្តេចតេជោ បានធ្វើឱ្យថ្នាក់ដឹកនាំសមាគម និងអតីតយុទ្ធជន បានសម្តែងក្តីរីករាយ។

អតីតយុទ្ធជនដែលបានទទួលវ៉ាក់សាំង បានលើកឡើងថា ពួកគេមិនរារែកក្នុងការទៅទទួលវ៉ាក់សាំង ឬជឿការឃោសនាអកុសលណាមួយនោះឡើយ។ ក្រៅតែពីបានជ្រូតជ្រាបព័ត៌មាន និងជឿលើគុណភាពវ៉ាក់សាំងហើយនោះ អតីតយុទ្ធជន បានផ្តល់ជំនឿចិត្តលើសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា សម្តេចទាំងពីរមិនទៅយកវ៉ាក់សាំងមកចាក់សម្លាប់ប្រជាពលរដ្ឋជាទីស្រឡាញ់របស់សម្តេចនោះឡើយ។

បងប្អូនអតីតយុទ្ធជនបានថ្លែងគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងទេវតាឆ្នាំតាមបីបាច់ថែរក្សាសម្តេចទាំងពីរមានសុខភាពល្អ កម្លាំងពលំមាំមួន បន្តដឹកនាំ និងជាម្លប់ដ៏ត្រជាក់ដល់អតីតយុទ្ធជនគ្រប់រូប។

ក្នុងឱកាសអញ្ជើញពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជននេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធានទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕