(ប៉ារីស)៖ រដ្ឋាភិបាលបារាំង និងអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គ្រោងនឹងធ្វើការប្រកាសនូវគម្រោងមួយ ដែលមានតម្លៃ ១,៥ពាន់លានផោន ស្មើនឹងប្រមាណ ២,១២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតនូវប្រភេទយន្តហោះគ្មានមនុស្សបើកជំនាន់ថ្មី ស្របពេលដែលប្រទេសទាំងពីរ ប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនងផ្នែកសន្តិសុខ និងយោធា ខណៈកំពុងមានបញ្ហាជម្លោះកើតឡើង នៅក្នុងប្រទេសស៊ីរី និងលីប៊ី នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ។
ប្រធានាធិបតីបារាំង លោក Francois Hollande និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក David Cameron បានធ្វើជំនួបគ្នានៅភាគខាងជើងប្រទេសបារាំង ដោយវាជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលប្រចាំឆមាស ហើយក៏ជាការរំលឹកខួប១០០ឆ្នាំ នៅចុងឆ្នាំនេះ នៃការប្រយុទ្ធគ្នាជាលើកដំបូង រវាងកងកម្លាំងបារាំង និងអង់គ្លេស ក្នុងសង្គ្រាមលោកលើកទីមួយ ដែលបានបណ្តាលឲ្យ ទាហានអង់គ្លេស និងបារាំង ៦០០,០០០នាក់ស្លាប់។
បារាំង និងអង់គ្លេស ជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ តាមដែនអាកាស លើក្រុមឧទ្ទាមរដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ លោក Hollande និងលោក Cameron គឺជាអ្នកគាំទ្រផងដែរ នៃបក្សប្រឆាំងស៊ីរី ដោយពួកគេបានចេញនូវការស្នើថ្មីមួយ ទៅកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីផងដែរ ក្នុងការបញ្ឈប់ការវាយប្រហារ លើគោលដៅកងកម្លាំងក្រុមឧទ្ទាម ថ្វីត្បិតមានបទឈប់បាញ់ថ្មី និងអនុញ្ញាតិឲ្យមាន ការបញ្ជូនជំនួយបន្ថែម ចូលទៅកាន់តំបន់ឡោមព័ន្ធ។
ចក្រភពអង់គ្លេស និងបារាំង ក៏មានកងកម្លាំងពិសេស កំពុងប្រតិបត្តិការប្រឆាំង ក្រុមឧទ្ទាមរដ្ឋឥស្លាម នៅក្នុងប្រទេសលីប៊ីផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបង្រួបបង្រួមទាំងរដ្ឋាភិបាល និងធ្វើឲ្យមានការអន់ថយ នៃក្រុមឧទ្ទាមដែលតាំងទីនៅទីនោះ៕