(ភ្នំពេញ)៖ ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានចោទសួរ និងឆ្លើយនូវសំណួរចំនួន៣ ពាក់ព័ន្ធនឹងជំនួយរបស់ចិននៅកម្ពុជា ទៅកាន់វិទ្យុរបស់អាមេរិក «អាស៊ីសេរី RFA»។ សំណួរទាំង៣ ដែលស្ថានទូតចិន ចោទសួរទៅវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុនេះបានផ្សាយបរិហារកេរ្តិ៍ចិនថា ផ្តល់ជំនួយមកកម្ពុជា ដើម្បីធ្វើជាអន្ទាក់បំណុល។
ក្នុងសំណេរជាសំណួរ និងចម្លើយនេះ ស្ថានទូតចិន បានអះអាងថា ចិននិងកម្ពុជានៅតែបន្តជំរុញការកសាងសហគមន៍ជោគវាសនារួម បន្តគាំទ្រគ្នាលើអត្ថប្រយោជន៍ស្នូលនិងបញ្ហាចម្បងដែលពាក់ព័ន្ធគ្នាទៅវិញទៅមក បន្តបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនដល់ប្រជាជនទាំងពីរ ដើម្បីរួមចំណែកកាន់តែច្រើនលើកិច្ចការសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
សំណួរទាំង៣ ដែលស្ថានទូតចិន បានសួរទៅវិទ្យុស៊ីឈ្នួលអាមេរិកនេះ រួមមាន៖
១៖ ការជួយកែលម្អលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានល្មើសសិទ្ធិមនុស្សនិងច្បាប់របស់នរណាដែរ?
២៖ តើជំនួយកម្ចីរបស់ភាគីចិនជូនដល់ភាគីកម្ពុជាពិតជាអន្ទាក់បំណុលមែនឬ?
៣៖ កិច្ចសហប្រតិបត្តិការយោធាដែលបានរៀបចំឡើងដោយចិននិងកម្ពុជាគឺគ្រាន់តែចង់ពង្រីកវត្តមានយោធាមែនទេ?
ទន្ទឹមនឹងដាក់សំណួរ ស្ថានទូតចិន ក៏បានបកស្រាយពន្យល់ជាមុនលើសំណួរនីមួយៗផងដែរ។
ឆ្លើយតបសំណួរថា ការជួយកែលម្អលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានល្មើសសិទ្ធិមនុស្សនិងច្បាប់របស់នរណាដែរ? ស្ថានទូតចិន បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាជាមិត្តភក្តិល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក ជាបងប្អូនល្អដែលតែងជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក។
ប្រទេសចិនបានចាប់ផ្តើមផ្តល់ជំនួយជាសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាចាប់តាំងពីទសវត្សទី៥០ រហូតមកដល់បច្ចុប្បន្ននេះចិនបានជួយកម្ពុជាក្នុងការស្ថាបនាផ្លូវជាង ៣០០០គីឡូម៉ែត្រ និងស្ពានកាត់ទន្លេមេគង្គចំនួន៨ខ្សែ។ ចិនបានផ្តល់ជំនួយដល់កម្ពុជាក្នុងការកែលម្អផ្លូវនៅទីជនបទនិងគម្រោងផ្គត់ផ្គង់ទឹកស្អាត ក្នុងនោះបានជួយជួសជុលផ្លូវថ្នល់ចំនួន ២៥ខ្សែ ក្នុងខេត្តទាំង៨ ដែលមានប្រវែងសរុប ១៥៥គីឡូម៉ែត្រ។ បានជួយជីកអណ្ដូងចំនួនសរុប ១៨១០កន្លែង និងស្រះទឹកចំនួន១២៧កន្លែងដល់ខេត្តចំនួន ១៣ជាដើម។
ទូតចិន បានសង្កត់ថា តួលេខទាំងនេះត្រូវបានបង្ហាញថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា ភាគីចិនបានផ្តល់ជំនួយ និងរួមចំណែកក្នុងកិច្ចការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន បានជួយការពារសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា។ ហេតុអ្វីបានជានិយាយថា ល្មើសជាមួយនឹងសិទ្ធិមនុស្ស? ជំនួយសេដ្ឋកិច្ចរបស់ចិនជូនដល់កម្ពុជាល្អឬមិនល្អ ប្រជាជនកម្ពុជាមានសិទ្ធិនិយាយជាងគេបំផុត។
ឆ្លើយតបសំណួរថា តើជំនួយកម្ចីរបស់ភាគីចិនជូនដល់ភាគីកម្ពុជាពិតជាអន្ទាក់បំណុលមែនឬ? ស្ថានទូតចិន បានគូសបញ្ជាក់ថា ដូចយើងបានជ្រាបហើយថា ជំនួយផ្តល់ប្រាក់កម្ចីរបស់ចិនទៅកាន់បរទេសតែងតែប្រកាន់ខ្ជាប់គោលការណ៍មិនមានលក្ខខណ្ឌនយោបាយ មិននាំចេញរបៀបអភិវឌ្ឍន៍ និងមិនប្រើប្រាស់ប្រាក់កម្ចីជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ រហូតមកដល់ពេលនេះ ប្រទេសចិនមិនដែលយកបំណុលមកគាបសង្កត់លើប្រទេសបំណុលណាមួយទេ ហើយក៏រឹតតែមិនដែលប្រើប្រាស់មូលនិធិជំនួយមករៀបចំផែនការបដិវត្តពណ៌លើប្រទេសណាដែរ។ រហូតមកដល់បច្ចុប្បន្ននេះ មិនមានប្រទេសណាមួយរងទុក្ខព្រោះតែមិនអាចសងបំណុលរបស់ប្រទេសចិនដែរ ហើយក៏មិនដែលឮថាប្រទេសណាស្អប់ខ្ពើមជាមួយជំនួយច្រើនពេករបស់ចិនដែរ។ ផ្ទុយទៅវិញ ប្រទេសទទួលជំនួយភាគច្រើននៅតែបន្តស្នើសុំចិនបង្កើនជំនួយបន្ថែម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរនិងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។
ជាការពិតជំនួយកម្ចីរបស់ចិនមកកាន់កម្ពុជាមិនត្រឹមតែជួយលើកកម្ពស់កម្រិតនៃហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់បច្ចេកទេសគ្រប់គ្រងនិងស្តង់ដាយ៉ាងសកម្ម ដើម្បីជួយប្រទេសកម្ពុជាបណ្តុះបណ្តាលអ្នកបច្ចេកទេសវិស្វកម្មនិងអ្នកគ្រប់គ្រងក្នុងស្រុក។ ជារួមបានជួយលើកកម្ពស់សមត្ថភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ចាក់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។
ស្ថានទូតបានលើកឡើងដែរថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធជាច្រើនដងច្រើនសាចំពោះការលើកឡើងថា ប្រទេសកម្ពុជាបានធ្លាក់ចូល អន្ទាក់បំណុល របស់ចិន។ សម្ដេចបានលើកឡើងថា ការប្រាក់កម្ចីរបស់ចិនមានចំនួនទាប ហើយរយៈពេលសងក៏យូរដែរ អ្វីដែលរឹតតែសំខាន់បំផុតនោះគឺ ប្រទេសចិនតែងតែគោរពការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ប្រាក់កម្ចី ក៏មិនដែលយកបំណុលជាល្បិចកលដើម្បីបង្ខំឱ្យកម្ពុជាធ្វើកិច្ចការអ្វីនោះដែរ។ ជាក់ស្តែងការលើកឡើងរបស់វិទ្យុ RFA ដែលថាប្រទេសកម្ពុជាបានធ្លាក់ចូល អន្ទាក់បំណុល របស់ចិន គឺជាពាក្យសម្តីផ្តេសផ្ដាសបំផុត។
ឆ្លើយសំណួរចុងក្រោយថា កិច្ចសហប្រតិបត្តិការយោធាដែលបានរៀបចំឡើងដោយចិននិងកម្ពុជា គឺគ្រាន់តែចង់ពង្រីកវត្តមានយោធាមែនទេ? ស្ថានទូតចិន បានលើកឡើងថា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពចិននិងកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បាន នៃកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។
កិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកងទ័ពទាំងពីរមិនត្រឹមតែបានលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការតបទល់រួមគ្នាជាមួយបញ្ហាប្រឈមក្នុងតំបន់ ថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់។ កន្លងមកនេះ កងទ័ពទាំងពីរបានរៀបចំកិច្ចសហប្រតិបត្តិការទំនាក់ទំនងយ៉ាងល្អប្រសើរលើផ្នែកជាច្រើនមានដូចជា ការហ្វឹកហាត់យោធា ការបណ្តុះបណ្តាលបុគ្គលិក និង ឧបករណ៍ភស្តុភារជាដើម។ កិច្ចសហប្រតិបត្តិការនេះមិនមែនចង់បង្ហាញទៅកាន់ភាគីទីបី ក៏មិនមានបំណងចង់ប្រឆាំងជាមួយប្រទេសណាដែរ។
ទូតចិន បានលើកឡើងថា កាលពីឆ្នាំ២០២០ ក្រោយពីចិនមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ក្រសួងការពារជាតិកម្ពុជាបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសយ៉ាងច្រើនជូនដល់ក្រសួងការពារជាតិចិន។ ក្រោយពីមានករណីជំងឺវីរុសកូវីដ-១៩កើតឡើងក្នុងប្រទេសកម្ពុជា កងទ័ពចិនបានចាត់បញ្ជូនយ៉ាងឆាប់រហ័សនូវក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសដំបូងគេលើសកលលោក និងបានដឹកបញ្ជូនសម្ភារទប់ស្កាត់ជំងឺវីរុសមកកាន់ប្រទេសកម្ពុជា តាមរយៈយន្តហោះខ្នាតធំចំនួន ៤គ្រឿង។
តាំងពីដើមឆ្នាំ ២០២១ នេះមក កងទ័ពរំដោះប្រជាជនចិនបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដចំនួន ពីរលើកដែលមានចំនួនសរុប ៦០ ម៉ឺនដូសជូនដល់កងយោធពលខេមរភូមិន្ទ។ កងយោធពលខេមរភូមិន្ទបានក្លាយជា កងទ័ពមួយក្នុងចំណោមកងទ័ពបរទេស ដែលទទួលបានជំនួយជាវ៉ាក់សាំងពីប្រទេសចិនមុនគេ។ ទាំងនេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកងទ័ពទាំងពីរមានលក្ខណសមស្របជាមួយ នឹងអត្ថប្រយោជន៍មូលដ្ឋាននៃប្រទេសនិងប្រជាជនទាំងពីរ។ តើអ្វីទៅដែលគេហៅថា ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយកងទ័ពកម្ពុជា ក្នុងគោលបំណងស្វែងរកវត្តមានយោធានៅប្រទេសកម្ពុជា សម្តីនេះគឺជាការប្រើប្រាស់គំនិតថោកទាបបំផុតមកប៉ាន់ស្មានលើចិត្តគំនិតល្អរបស់អ្នកស្អាតស្អំ៕