(កំពង់ចាម)៖ បុគ្គលម្នាក់បង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok មានចេតនាញុះញង់បង្កចលាចល ត្រូវកម្លាំងនគរបាលចាប់ខ្លួននាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ នៅខេត្តកំពង់ចាម។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងទទួលផែនការងារសន្ដិសុខ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា លោកចាត់ឲ្យធ្វើការស្រាវជ្រាវ រកមុខសញ្ញាម្នាក់ឈ្មោះ មាន ពន្លក ហៅបងតា ដែលមានគណនី Tiktok ឈ្មោះ នាយ ប្រុញ និងមានគណនីហ្វេសប៊ុក ឈ្មោះ បង តា បច្ចុប្បន្នធ្វើជាជាងកាត់កញ្ចក់ នៅទីរួមខេត្តកំពង់ចាម។
ក្នុងនោះលោកបានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ រស្មី ស្នងការរងចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ទទួលបានលទ្ធផល ចាប់ខ្លួនជនខាងលើដែលមានឈ្មោះ នូវ ខ្លឹម ហៅមាន ពន្លក ហៅបងតា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ដែលមានទីលំនៅភូមិជ្រោយអំពិល ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីបុគ្គលនេះ បានបង្ហោះវីដេអូមានចេតនា ញុះញុង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ, រារាំងដល់ការអនុវត្តវិធានការ និងបទប្រមាថ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីក្នុងខែមីនា ដល់ខែមេសា ឆ្នាំ២០២១។
បច្ចុប្បន្នឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕