(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានស្នើដល់គេហទំព័រ Vice ឲ្យលុបរូបជនរងគ្រោះជំនាន់ខ្មែរក្រហម ដែលខ្លួនយកពីមន្ទីរស-២១ ទៅបង្ហោះតែបែរជាកែខុសពីស្ថានភាពដើម។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការស្នើរបស់ក្រសួងវប្បធម៌ បានធ្វើឡើងដោយសារគេហទំព័រសារព័ត៌មាន Vice ដែលផ្សាយក្រោមចំណងជើងថា These People Were Arrested by the Khmer Rouge and Never Seen Again (ពលរដ្ឋទាំងនេះ ត្រូវបានចាប់ខ្លួនដោយពួកខ្មែរក្រហម ហើយបាត់ខ្លួនជារៀងរហូត) ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលបានយករូបថតជនរងគ្រោះជំនាន់ខ្មែរក្រហម ទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែង អំឡុងពេលដែលជនរងគ្រោះទទួលរងនូវការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលថ្មីៗនេះ មានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរស-២១ តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេល ដែលជនរងគ្រោះទទួលរងនូវការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម»។
សេចក្តីជូនដំណឹងដដែលបន្តថា «ក្រសួង មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ»។
ក្រសួងវប្បធម៌អះអាងថា សារមន្ទីរពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយជាមួយបុគ្គលខាងលើនេះទេ។ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរ ត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរទួលស្លែង។
ក្រសួងវប្បធម៌ បានអំពាវនាវឲ្យបុគ្គលឈ្មោះ Matt Loughrey និងបណ្តាញសារព័ត៌មាន Vice លុបរូបទាំងអស់នេះចេញពីបណ្តាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ វិចិត្រករ និងសាធារណជនកុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិតនៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ។ ក្រសួង បញ្ជាក់ថានឹងចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ក្នុងករណីបុគ្គលឈ្មោះ Matt Loughrey មិនអនុវត្តទៅតាមសេចក្តីណែនាំខាងលើ៕