(ភ្នំពេញ)៖ មេបញ្ជាការរងអាវុធហត្ថ ខណ្ឌឫស្សីកែវ លោក ស៊ុយ រតនៈ បានប្រាប់អង្គភាព Fresh Newsថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខណ្ឌ បានចាប់ ក្របួចចោរ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះមិនបានសម្រេចស្ថិត នៅចំណុចក្នុងផ្សារច្រាំងចំរេះទី២ ក្រុមទី២ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សកែវ ។
លោក ស៊ុយ រតនៈ បានបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១ ឈ្មោះ ហ៊ូ សុធា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងទី២ឈ្មោះ អឿន មករា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ក្រោយចាប់ខ្លួន រួមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកLet's ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DE-0443។ រីឯជនរងគ្រោះឈ្មោះ ម៉េង សុភា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ផ្ទះកើតហេតុខាងលើ និងជាម្ចាស់ទូរស័ព្ទ iPhone6 Plusពណ៌ទឹកមាស។ មេបញ្ជាការរងអាវុធហត្ថ ខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា មុនកើតហេតុជនរងគ្រោះឈ្មោះ ម៉េង សុភា កំពុងឈរនិយាយទូរស័ព្ទ ក៏លេចមុខជនសង្ស័យ២នាក់ ជិះ១គ្រឿង មកឆក់ទូរស័ព្ទដៃពីភ្លាមនោះ គាត់បានស្រែកផ្អើលឆោរឡោ ដល់ប្រជាពលរដ្ឋ ខណៈបុរសម្នាក់ ដែលនៅក្បែរនោះ បានបើករថយន្ដដែលមិនស្គាល់ម៉ាក និងមិនចាំស្លាកលេខ បានបើកមកស្ទាក់ផ្លូវ ជនសង្ស័យទាំង២នាក់ ដែលកំពុងជិះបើកម៉ូតូរត់គេចខ្លួន ស្របពេលនិងកម្លាំងអាវុធហត្ថ ខណ្ឌឫស្សីកែវ ដែលកំពុងល្បាតនៅក្បែរនោះ ដេញចាប់ខ្លួនចោរឆក់ទូរស័ព្ទដៃ បានភ្លាមៗតែម្ដង។
ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបាននាំយកសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី៕