លោក ឯម ច័ន្ទមករា៖ ទិវាអូទីស្សឹម និងដោនសាំងដ្រូន ឆ្នាំ២០២១ មិនអាចរៀបចំឲ្យមានភាពអធិកអធមទេ ព្រោះរាជរដ្ឋាភិបាលកំពុងប្រឆាំងជំងឺកូវីដ19
11-04-2021 14:55
(ភ្នំពេញ)៖ «ទិវាអូទីស្សឹម និងដោនសាំងដ្រូន ឆ្នាំ២០២១» នេះនៅមិនទាន់អាចរៀបចំ ឱ្យមានភាពអធិកអធមដូចកាលគ្រាលមុនបានទេ ព្រោះរាជរដ្ឋាភិបាលកំពុងតែប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលកណ្តាល និងជាបេះដូងនៃកម្ពុជា និងនៅតាមបណ្តាលខេត្តមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។
លោកបានបន្តថា ក្នុងកាលទេសដ៏លំបាកនេះ មនុស្សដែលមានអូទីស្សឹម និងដោនសាំងដ្រូនត្រូវការចាំបាច់ ដោយមិនអាចកាត់ផ្តាច់ បានពីការលើកទឹកចិត្ត មើលថែ និងផ្តល់ក្តីស្រលាញ់ពីឪពុក ម្តាយ អាណាព្យាបាល ព្រោះសមត្ថភាពនិងតម្រូវការរបស់ពួកគេ មានចរិតខុសគ្នាហើយអាចវិវឌ្ឍទៅតាមពេលវេលា។ ខណៈពេលដែលមនុស្សមួយចំនួន ដែលមានអូទីស្សឹម និងដោនសាំងដ្រូនខ្លះអាចរស់នៅដោយឯករាជ្យ ឯអ្នកផ្សេងទៀតមានពិការភាពធ្ងន់ធ្ងរ ដែលត្រូវការការថែទាំ និងការគាំទ្រពេញមួយជីវិត។
សូមចាំថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែយកចិត្តទុកដាក់ដល់បងប្អូន ដែលមានអូទីស្សឹម និងដោនសាំងដ្រូនគ្រប់កាលទេស និងគ្រប់ពេលវេលាដោយមិនទុកឱ្យបងប្អូន នៅដោយឯកានោះទេ។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ បានជូនពរបងប្អូន កូនក្មួយដែលមានអូទីស្សឹម និងដោនសាំងដ្រូនទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា សូមសុខភាពល្អ ជៀសឆ្ងាយពីវីរុសកូវីដ-១៩ ហើយសូមចូលរួមអនុវត្ត ៣កុំ និង ៣ការពារឱ្យបានគ្រប់ៗគ្នា៕