Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ត្រៀមចូលរួមចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩

11-04-2021 13:40

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមចូលរួមក្នុងការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ការលើកទឹកចិត្តខាងលើធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកស្រីអភិបាលខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត និងស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្រ្តីរាជការមកពីតាមមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យ និងលើកទឹកចិត្តក្រុមគ្រូពេទ្យឈានមុខ ដែលបានជួយក្នុងកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលដៅ។

នៅក្នុងដំណើរចុះពិនិត្យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងគ្រួសារអតីតយុទ្ធជន នៅតាមគោលដៅនីមួយៗនេះ គឺស្ថិតនៅក្នុងមន្ទីរសុខាភិបាលខេត្ត និងមណ្ឌលសុខភាពភ្នំស្ពង់ ក្នុងស្រុកសាលាក្រៅ ដែលក្នុងឱកាសនោះ លោកស្រីអភិបាលខេត្ត បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ក្នុងខេត្តប៉ៃលិន ដែលបានលះបង់ពេលវេលា និងខិតខំបំពេញភារកិច្ច ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងយកចិត្តទុកដាក់ នៅតាមគោលដៅរបស់ខ្លួននីមួយៗ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែបន្តវាយលុកនៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លើកទី៣ យ៉ាងធ្ងន់ធ្ងរ ដោយមិនទាន់ថមថយទៅវិញនៅឡើយទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងដាក់បានចេញនូវវិធានការស្ទើររាល់ថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដែលជាសត្រូវគ្មានស្រមោល និងមិនទាន់មានថ្នាំព្យាបាលនៅឡើយ៕