(កណ្ដាល)៖ លោក មួយ ប្រាក់ពន្លឺ ម្ចាស់ផ្ទះជួលមួយកន្លែងនៅក្រុងតាខ្មៅ បានប្រកាសនៅលើ Facebook របស់លោក ពីការបញ្ចុះតម្លៃ១៥ដុល្លារ សំរាប់បន្ទប់ជួលទាំង៣០បន្ទប់ រយ:ពេល៣ខែជូនអ្នកជួល ក្នុងពេលមានវិបត្តិកូវីដ១៩។
លោក មួយ ប្រាក់ពន្លឺ បានបញ្ជាក់ថា «ក្រោយគេបន្តិច តែល្អជាងអត់បានចូលរួម គ្រួសារខ្ញុំបាទ បានបញ្ចុះតំលៃបន្ទប់ជួល៣០បន្ទប់ក្នុង១បន្ទប់ ១៥ដុល្លារ រយ:ពេល៣ខែ សាខាក្រុងតាខ្មៅ»។
ការបញ្ចុះថ្លៃនេះ បានធ្វើឲ្យអ្នកជួលបន្ទប់របស់លោកទាំង៣០ បានសម្តែងនូវការត្រេកអរ និងថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់លោក ដ្បិតម្ចាស់ផ្ទះកំពុងជាប់បំណុលធនាគារមែនពិត ប៉ុន្តែម្ចាស់ផ្ទះនៅតែបង្ហាញពីទឹកចិត្ត សណ្ដោសប្រណី និងអាណិតអាសូរ ដល់អ្នកជួលបន្ទប់ទាំងឡាយ ដែលកំពុងរងគ្រោះ ដោយសារកូវីដ-១៩។
គួរជម្រាបថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកណ្ដាល ក្នុងការគិតគូរ និងជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលផងដែរ។
រដ្ឋបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួល ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រហូតដល់ស្ថានភាពធូរស្រាលឡើងវិញ៕