(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចេញមកច្រានចោលសំឡេងដែលបានចែកចាយនៅតាមបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទខ្ទប់ (LockDown) ទូទាំងរាជធានីភ្នំពេញតែម្ដង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោក ម៉េត មាសភក្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ពិសេសអ្នករស់នៅរាជធានីភ្នំពេញ សូមកុំជឿតាមសំឡេងដែលបានចែកចាយនោះ ហើយត្រូវរកចាំការជូនដំណឹងជាផ្លូវការ ដោយរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នដែលមានការពាក់ព័ន្ធ ជុំវិញការបិទខ្ទប់តំបន់ណាមួយ នៅក្នុងរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នអាជ្ញាធរបិទតែតំបន់ណាដែលប្រឈមខ្លាំងប៉ុណ្ណោះ។
លោក ម៉េត មាសភក្ដី បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសារសំឡេងដែលបានចែកចាយនៅតាមបណ្ដាញសង្គម Whatsapp ក៏ដូចជាបណ្ដាញសង្គមផ្សេងៗ ពាក់ព័ន្ធនឹងការបិទខ្ទប់ទូទាំងរាជធានីភ្នំពេញ។ សូមប្រជាពលរដ្ឋកុំជឿតាមការចែកចាយនោះ ដោយត្រូវរង់ចាំស្ដាប់ការជូនដំណឹងផ្លូវការពីរដ្ឋបាលរាជធានីភ្នំពេញ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ ក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ត្រូវតាំងស្មារតី និងបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយបន្ដអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។
គួរជម្រាបថា រហូតមកដល់ពេលនេះ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ កាន់តែរីករាលដាលខ្លាំងពិសេសនៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរបានសម្រេចបិទខ្ទប់តំបន់មួយចំនួន នៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះកាន់តែខ្លាំងទៅក្នុងសហគមន៍។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤២៣៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៧០៥នាក់, អ្នកជាសះស្បើយចំនួន ២១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២០៥២នាក់, អ្នកស្លាប់ចំនួន ២៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់។