(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។
នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ នាព្រឹកថ្ងៃទី១១ ខែមែសា ឆ្នាំ២០២១។
អនុក្រឹត្យនេះមានគោលបំណងកំណត់ អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមេសានេះបានបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងកំណត់ អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តចំពោះ៖
* មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ
* ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ
* ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័នតុលាការ។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរ ចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើ មិនអនុវត្តចំពោះបុគ្គល ដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។
អនុក្រឹត្យបន្តថា ប្រភេទនៃវ៉ាក់សាំង ព្រមទាំងបែបបទ និងនីតិវិធីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្ត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕