Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ព្រុំ សុខា៖ ក្នុងពេលកូវីដ មន្ត្រីមូលដ្ឋានត្រូវប្រកាន់ខ្ជាប់វិធានការ ៣ការពារ និង៣កុំ ដើម្បីធានាសេវាសាធារណៈចាំបាច់ដោយផ្ទាល់ ជូនប្រជាពលរដ្ឋ

11-04-2021 09:17

(ក្រចេះ)៖ ក្នុងមតិសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ ដែលចូលរួមការស្ទាបស្ទង់មតិជ្រើសរើសមេភូមិថ្មី នៅខេត្តក្រចេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងសង្កត់ធ្ងន់ថា ក្នុងពេលកូវីដ មន្ត្រីមូលដ្ឋានត្រូវប្រកាន់ខ្ជាប់វិធានការ ៣ការពារ និង៣កុំ ដើម្បីធានាសេវាសាធារណៈចាំបាច់ ដោយផ្ទាល់ជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា «មន្ត្រីមូលដ្ឋានក៏ជាយុទ្ធជនជួរមុខ ចូលរួមយ៉ាងសកម្ម ក្នុងសមរភូមិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ផងដែរ ហេតុនេះ ពួកគាត់ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេស គឺត្រូវធានាប្រក្រតីភាពនៃការផ្តល់សេវាសាធារណៈចាំបាច់ ប្រចាំថ្ងៃនៅមូលដ្ឋានព្រោះថា ជាទូទៅសេវាជាច្រើនត្រូវផ្តល់ដោយផ្ទាល់ ជូនប្រជាពលរដ្ឋ ពុំអាចធ្វើតាម Online ឬពីចំងាយបានទេ...»

ជំនួបសំណេះសំណាលនេះ ដែលមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារស្រុកឆ្លូង ស្រុកសំបូរ និងក្រុងក្រចេះ លោកអភិបាលខេត្ត មន្ត្រីមូលដ្ឋាន និងតំណាងប្រជាជនចំនួន ៥០នាក់ បានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅក្នុងចំការកៅស៊ូមួយនៃភូមិបុសខ្នុរ ឃុំកញ្ជរ ស្រុកឆ្លូង ជាភូមិថ្មីក្នុងចំណោមភូមិទើបបង្កើតថ្មីចំនួន ៣៧ ក្នុងខេត្តក្រចេះ តាមប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។

ចុងបញ្ចប់នៃកម្មវិធី មានការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមជ្រើសរើសបេក្ខជនអ្នកដឹកនាំភូមិថ្មី សម្រាប់ក្រុមប្រឹក្សាឃុំ បន្តដំណើរការស្របតាមនីតិវិធីច្បាប់ ជាធរមាន៕