(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់របស់ជនជាតិខ្មែរ អាយុ៣៦ឆ្នាំថ្មីម្នាក់ទៀត ដោយសារជំងឺកូវីដ១៩។
ព្រឹកថ្ងៃទី១១ ខែមេសានេះ ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ សរុប៣នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ដែលរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី។
អ្នកជំងឺខាងលើត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងធ្វើចលនាបេះដូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស។ យ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារវីរុសកូវដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមជាទីបំផុតជាមួយក្រុមគ្រួសារសព។
គួរជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ មនុស្សសរុប២៩នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩៕