(ភ្នំពេញ)៖ លោក អ៊ុង យ៉ាន អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ របស់ក្រសួងផែនការ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។ នេះបើតាមលោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

លោក ស្រី ដា ក៏បានរៀបចំអំពីប្រវត្តិរបស់លោក អ៊ុង យ៉ាន មុនពេលលទ្ធផលតេស្ដលើកទី៣ រកឃើញមានផ្ទុកជំងឺកូវីដ១៩នេះ ហើយបានអះអាងថា មិនមានមន្ដ្រីក្រសួងណាម្នាក់ បានជាប់ពាក់ព័ន្ធជាមួយលោក អ៊ុង យ៉ាន នោះទេ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មក ក្រសួងបានណែនាំដល់មន្ត្រីទាំងអស់ ដែលគ្មានការចាំបាច់ចូលក្រសួង និងអនុញ្ញាតឲ្យធ្វើការតាម Online ពីផ្ទះ។ ចំពោះលោក អ៉ុយ យ៉ាន ប្រហែលបានដឹងខ្លួន មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ គាត់បានធ្វើចត្តាឡីស័កនៅផ្ទះ និងបានទៅធ្វើតេស្តចំនួន២ដងរួចមកហើយ គឺអវិជ្ជមានកូវីដ១៩ទាំងពីរដង។

លុះនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនមន្ត្រីរាជការ នៃក្រសួងផែនការ ដោយអ.គ.វ.ក១៩ ក្នុងក្របខណ្ឌក្រសួងផែនការ បានបែងចែកការចាក់វ៉ាក់សាំងតាមម៉ោងពេល កំណត់ជូនអង្គភាពទាំងអស់ផ្សេងៗគ្នា ចៀសវាងការប្រជៀតគ្នា ឬប៉ះពាល់គ្នា ចម្លងកូវីដ១៩។

ក្នុងថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំង អគ្គនាយកដ្ឋានផែនការ ត្រូវបានបែងចែកឲ្យចាក់វ៉ាក់សាំងមួយល្ងាចពេញ នៃថ្ងៃទី០៦ ខែមេសា នេះតែឯងគ្មានអង្គភាពណាមួយមកចូលរួមនោះទេ។ ក្នុងថ្ងៃវេននេះ លោក អ៊ុង យ៉ាន បានទំនាក់ទំនងមកអគ្គនាយកដ្ឋាន ដើម្បីសួរនាំរឿងម៉ោងពេលវេលាណា ដែលត្រូវគាត់ទៅ ព្រោះបានបែងចែកតាមម៉ោងដើម្បីចាក់វ៉ាក់សាំង។

ប៉ុន្តែប្រតិភូអគ្គនាយកផែនការ លោកបានជ្រាបថា លោក អ៊ុង យ៉ាន កំពុងជាប់ធ្វើចត្តាឡីស័ក នឹងបានធ្វើតេស្ត២ដងរួចមកហើយទៀត លោកក៏បានបន្តឲ្យលោក អ៊ុង យ៉ាន បន្តធ្វើចត្តាឡីស័កទៀត រង់ចាំលទ្ធផលធ្វើតេស្តលើកទី៣។

លោក អ៊ុង យ៉ាន ព្យាយាមសុំការអនុញ្ញាតដែរ ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ ដោយក្រសួងលើកលែងឲ្យគ្រប់មន្ត្រីទាំងអស់ ដែលសង្ស័យ ឬពាក់ព័ន្ធនឹងកូវីដ១៩ មិនអនុញ្ញាតឲ្យចូលក្រសួង និងធ្វើតេស្ត ព្រមទាំងអនុវត្តឲ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល។ លុះមកដល់ថ្ងៃនេះ គឺលទ្ធផលការធ្វើតេស្តរបស់គាត់ នៅថ្ងៃទី០៩ ខែមេសាម្សិលមិញ មានវិជ្ជមានកូវីដតែម្តង។

បើតាមលោក ស្រី ដា ករណីនេះក្រុមការងារ បានស្រាវជ្រាវ នឹងបញ្ជាក់ថា គាត់បានអវត្តមានថ្ងៃវេនរបស់គាត់ចាក់វ៉ាក់សាំង (ថ្ងៃទី០៦ ខែមេសា) និងស្រាវជ្រាវបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់ នៅក្នុងអគ្គនាយកដ្ឋាន និងមន្ត្រីផ្សេងៗទៀត សុទ្ធតែបញ្ជាក់ថា មិនបានជួបជាមួយគាត់ផ្ទាល់នោះទេ គឺគ្រាន់តែទំនាក់ទំនងតាមទូរស័ព្ទ៕