(ភ្នំពេញ)៖ សាលារាជធានីភ្នំពញ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបន្តបិទខ្ទប់ភូមិចំនួន៣ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ភូមិទាំង៣ នោះរួមមាន៖ ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ភូមិ៣។

សាលារាជធានីភ្នំពេញ បានសម្រេចដូចខាងក្រោម៖

*​ ប្រការ១៖ ត្រូវបានបិទខ្ទប់ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ សម្រាប់រយៈពេល២ (ពីរ) សប្ដាហ៍ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃ
ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

* ប្រការ២៖ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖

*ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយ នូវលិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម
*ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឲ្យបើកដំណើរការដោយ អាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២(ពីរ)នាក់ ក្នុងមួយលំនៅឋាន ឬទីសំណាក់មិនឲ្យលើសពី ២(ពីរ)ដង ក្នុងមួយសប្តាហ៍ និងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
*ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវ បានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការអនុញ្ញាត ពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់
*ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងដើម្បីទទូលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូទេព្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថានប័ន-អង្គភាព
*ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាព ដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ
*ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។

* ប្រការ៣៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សលើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖

*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
*ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
*ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
*ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

* ប្រការ៤៖ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖

*សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងការងារផ្តល់សេវាសាធារណៈចាំបាច់ រួមមាន សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង
*រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ
*សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន
*ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្ថានីយប្រេងឥន្ធនៈ សេវាប្រៃសណីយ៍-ទូរគមនាគមន៍ ហាងលក់ទំនិញផ្សារ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋាន ប៉ុន្តែ ត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការងារឲ្យនៅត្រឹមកម្រិតអប្បបរមា
*សកម្មភាពដឹកជញ្ជូនទំនិញចាំបាច់
*សកម្មភាពការងារ មុខរបរ អាជីវកម្មចាំបាច់ដទៃទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្រៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩៕