(សៀមរាប)៖ ដូចទៅនឹងក្តីសម្រេចរបស់ខ្លួន នៅវេលាម៉ោង ៨យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការបំរាមគោចរនៅក្នុងសៀមរាបហើយ។ វិធានការបំរាមគោចរក្នុងក្រុងសៀមរាប នឹងអនុវត្តចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ចាប់ពីពីថ្ងៃទី១០ ដល់ទី២៣ ខែមេសា។
រដ្ឋបាលខេត្ត បានគោលដៅចំនួន៦ ក្នុងការអនុវត្តវិធានការនេះរួមមាន៖ គោលដៅផ្លូវបំបែកនាគបាញ់ទឹក(ផ្សារចាស់), គោលដៅស្តុបគ្រួស, គោលដៅស្តុបសុខាអង្គរ, គោលដៅស្តុបមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ស្ពាននាគ), គោលដៅស្តុបកោះកេរ្តិ៍ និងគោលដៅស្តុបផ្លូវតាណឺយ។
តាមការរបាយការណ៍របស់រដ្ឋបាលខេត្ត គោលដៅទាំង៦ នឹងប្រើប្រាស់កម្លាំងនគរបាលចរាចរណ៍ខេត្ត និងរថយន្តមួយគ្រឿងចល័ត ត្រួតពិនិត្យតាមដងផ្លូវផ្សេងៗក្នុងភូមិសាស្រ្តក្រុងសៀមរាប។ គោលដៅតាមដងផ្លូវនឹងធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរដែលមិនមានភារកិច្ច ឬការចាំបាច់តាមការកំណត់ ដោយណែនាំឲ្យពួកគាត់វិលត្រឡប់ចូលទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។
នៅរាត្រីថ្ងៃដំបូងនៃការអនុវត្តវិធានការនេះ គេបានសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន បានជ្រូតជ្រាប និងចូលរួមអនុវត្តវិធានការនេះ។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួននៅបន្តធ្វើចរាចរនៅឡើយក្នុងរាត្រីនេះ។
បើទោះបីជាយ៉ាងណាដោយសារតែថ្ងៃនេះ ជាយប់ដំបូងនោះ កងកម្លាំងសមត្ថកិច្ច បានជ្រើសយកវិធានការអប់រំ និងអនុញ្ញាតឱ្យបន្តដំណើរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុវត្តបំរាមគោចរក្នុងក្រុងសៀមរាប នៅពេលយប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩។ តែក្នុងករណីចាំបាច់មួយចំនួនដូចជាទៅមន្ទីរពេទ្យជាដើម ប្រជាពលរដ្ឋអាចស្នើទៅកាន់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច នោះសមត្ថកិច្ចនឹងអនុញ្ញាតឱ្យធ្វើដំណើរ៕