(តាកែវ)៖ មេបញ្ជាការរងកងរាអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ឯក អេង ប៉ជាក តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញសួរសុខទុក្ខ នឹងផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារការពារមួយចំនួន តាមគោលដៅត្រួតពិនិត្យឈរជើងព្រំប្រទល់ខេត្ត និងខេត្តចំនួន៣ស្រុក រួមមាន៖ ស្រុកត្រាំកក់ ស្រុកព្រៃកប្បាស និងស្រុកបាទី។
ក្នុងឱកាសនោះ លោកមេបញ្ជាការរងខេត្ត បានថា ការចុះតាមគោលដៅនេះដើម្បីត្រួតពិនិត្យក្នុងការហាមឃាត់ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមសេចក្តីសំរេចលេខ៤៤ សសរ «៣កុំ ៣ការពារ» ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩។
ជាការរួមចំណែក នៃការលើកទឹកចិត្តដល់កងកម្លាំងតាមគោលដៅនីមួយៗ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក៏បានផ្តល់ជូននូវសម្ភាររួមមាន៖ ទឹកសុទ្ធ៣០កេស មីខ្លាឃ្មុំ៣០កេស ត្រីខ០១កេសធំ ម៉ាស០១កេសធំ៕