(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីល្បែងភ្នាល់តាមអនឡាញ ជល់មាន់ និងប្រដាល់ Live តាមទូរទស្សន៍ ស្ថិតនៅចំណុចភូមិនំបញ្ចុក ហៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងថា ដោយមានការសម្របសម្រួល និងណែនាំពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃនេះ លោកបានដឹកនាំកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានចុះប្រតិបត្តិការបង្រ្កាប ទីតាំងល្បែងស៊ីសងភ្នាល់ ប្រដាល់ និងមាន់ជល់តាមអនឡាញមួយកន្លែងនៅចំណុចទីតាំងខាងលើ។
លោកថា ការចុះបង្រ្កាបនេះ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ១៩។
ក្នុងនោះកម្លាំងបានឃាត់ខ្លួនមនុស្សបានចំនួន១០នាក់ និងចំនួនប្រហែល ៥០នាក់ទៀតរត់គេចខ្លួន បន្សល់ទុកតែស្បែកជើង ព្រមទាំងដកហូតវត្ថុតាងរថយន្ត៣គ្រឿង និងម៉ូតូចំនួន៣០គ្រឿងផងដែរ។
លោក វុធ សាវី បានថ្លែងទៀតថា ចំពោះវត្ថុតាង និងអ្នកដែលពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕