(កណ្តាល)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងជនជាតិចិនម្នាក់ បើករថយន្ត Vigo បុលរ៉ឺម៉កម៉ូតូពីក្រោយបណ្តាលឲ្យធ្លាក់ពីលើផ្លូវ ទាំងពីររថយន្ត និងម៉ូតូ នៅម៉ោង ៥៖៥០នាទីព្រឹកព្រលឹម ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះ គឺឡូម៉ែត្រលេខ ៤៩ -៥០ ស្ថិតក្នុងភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលចរាចរណ៍បានប្រាប់ថា មុនកើតហេតុគេបានឃើញជនរងគ្រោះទាំងពីរនាក់ បានបើករ៉ឺម៉កក្នុងទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ ស្របជាមួយរថយន្តបង្ក លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក បានជែងរ៉ឺម៉កក្នុងស្ថានភាពគ្រោះថ្នាក់ ពេលនោះក៏មានរថយន្តដឹកទំនិញធន់ធំមួយគ្រឿងទៀត មកពីមុខធ្វើឲ្យរថយន្តបង្កបានបង្ខំចិត្តងាកចូលវិញស្តាំវិញ ទើបធ្វើឲ្យរថយន្តបង្កបុករ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឲ្យធ្លាក់ចេញពីថ្នល់ជាតិ ក្រឡាប់២ទៅ៣ត្រឡប់ នាំឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងដូចច្នេះ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ គឹង ឆិល ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរបើករ៉ឺម៉ក ស្នាក់នៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ មួន សាមៃ ស្នាក់នៅភូមិឃុំកើតហេតុជាមួយអ្នកស្លាប់។
ក្រោយកើតហេតុអ្នកស្លាប់ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំនើត អ្នករងរបួសត្រូវសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯមធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕